(ភ្នំពេញ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ បាននាំយកព្រះរាជអំណោយ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅចែកជូនដល់មន្ទីរពេទ្យ និងអង្គការសមាគមនានា។
សកម្មភាពនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រួមដំណើរដោយ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំង។
ព្រះរាជអំណោយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានតាមរយៈសម្តេចចៅហ្វាវាំង ព្រះរាជតំណាងក្នុងឱកាសនេះមាន៖
១៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលបានម៉ាសចំនួន ៦ពាន់ ទឹកបរិសុទ្ធ OGEU ចំនួន ៥ឡាំង សាប៊ូ Empress ចំនួន៦ឡាំង
២៖ អង្គការភាពញញឺមនៃកុមារ P.S.E ស្ទឹងមានជ័យ ទទួលបានព្រះរាជទ្រព្យចំនួន ម្ភៃពាន់ដុល្លារអាមេរិក ម៉ាសចំនួន ៣ពាន់ ទឹកបរិសុទ្ធ OGEU ចំនួន ២ឡាំង សាប៊ូ Empress ចំនួន៣ឡាំង និងសាប៊ូ MU YU JING ចំនួន១ឡាំង
៣៖ ប្រគល់ជូន លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ទទួលបានម៉ាសចំនួន ៣ពាន់ ទឹកបរិសុទ្ធ OGEU ចំនួន ៣ឡាំង និងសាប៊ូ MU YU JING ចំនួន១ឡាំង
៤៖ មន្ទីរពេទ្យ ហ្លួងម៉ែ ទទួលបានម៉ាសចំនួន ៥ពាន់ ទឹកបរិសុទ្ធ OGEU ចំនួន ៥ឡាំង និងសាប៊ូ MU YU JING ចំនួន១ឡាំង
៥៖ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម រាជធានីភ្នំពេញ ទទួលបានម៉ាសចំនួន ៣ពាន់ ទឹកបរិសុទ្ធ OGEU ចំនួន ២ឡាំង និងសាប៊ូ Empress ចំនួន២ឡាំង
៦៖ មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ គីឡូលេខ៦ ខណ្ឌឬស្សីកែវ ទទួលបានម៉ាសចំនួន ២ពាន់ ទឹកបរិសុទ្ធ OGEU ចំនួន ២ឡាំង និងសាប៊ូ Empress ចំនួន២ឡាំង
៧៖ មន្ទីរពេទ្យគន្ធបុប្ផា ទទួលបានម៉ាសចំនួន ៦ពាន់ ទឹកបរិសុទ្ធ OGEU ចំនួន ៥ឡាំង និងសាប៊ូ Empress ចំនួន៥ឡាំង
៨៖ សមាគមដូនជី និងឧបាសិកាកម្ពុជរដ្ឋ ទទួលបានម៉ាសចំនួន ១ពាន់ អង្ករជាដង្វាយស្ថានទូតថៃ ចំនួន ៥បាវ និងសាប៊ូ Empress ចំនួន២ឡាំង។
ក្នុងឱកាសប្រគល់ជូនព្រះរាជអំណោយដ៏ថ្លៃថ្លានេះ សម្តេចចៅហ្វាវាំងព្រះរាជតំណាង បានជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីតំណាងឲ្យក្រសួង ស្ថាប័ន អង្គការសមាគមនីមួយៗ នូវព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គនៅក្នុងក្រសួង ស្ថាប័ន អង្គការសមាគមទាំងអស់ខាងលើនេះ។
សម្តេចចៅហ្វាវាំង បានជម្រាបជូនថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យគិតគូរដ៏ខ្ពង់ខ្ពស់ជានិច្ច អំពីសុខទុក្ខក្នុងបញ្ហាជីវភាពរស់នៅរបស់ប្រជារាស្រ្តក្រីក្រជួបការលំបាក ដូនជី ស្ត្រី កុមារា កុមារី ដែលមានជំងឺបានមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងរស់នៅក្រោមការបីបាច់រក្សារបស់អង្គការសមាគមទាំងនេះ។
ហេតុនេះហើយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏សន្ធឹកសន្ធាប់ថ្លៃថ្លា តាមរយៈសម្តេចចៅហ្វាវាំង មានជាថវិកា ស្បៀងអាហារ សម្ភារៈអនាម័យ ព្រមទាំងគ្រឿងឧបភោគ បរិភោគ សម្រាប់ជួយទ្រទ្រង់សកម្មភាពរបស់អង្គការសមាគម និងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រក្រីក្រ ដូនជី ស្ត្រី កុមារា កុមារី ជាកូនចៅ ចៅទួតរបស់ព្រះអង្គឲ្យមានភាពល្អប្រសើរ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំតំណាងរបស់ក្រសួង មន្ទីរពេទ្យ និងស្ថាប័នសមាគមនីមួយៗ សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជទានប្រកបដោយព្រះរាជហឬទ័យ មេត្តាសណ្តោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសូមថ្វាយព្រះពរព្រះអង្គក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លាបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨៥ព្រះវស្សា យាងចូល៨៦ព្រះវស្សា ដ៏ឧត្តុងឧត្តម និងជាប្រវត្តិសាស្ត្រនាឆ្នាំនេះ សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការព្រះរាជសុខុមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជារយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនាដល់ព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិជាកូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕
http://image.freshnewsasia.com/2020/id-155/fn-2021-06-11-12-07-45-0.JPG http://image.freshnewsasia.com/2020/id-155/fn-2021-06-11-12-07-48-1.JPG