(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្មរបស់ក្រុមហ៊ុន ធី អិល អ៊ែរ អិចប្រេស ឯ.ក មានទីតាំងស្ថិតនៅអគារលេខ៣៤៥ ផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកអាជីវកម្មក្រុមហ៊ុនមួយនេះ ជាបណ្ដោះអាសន្នរយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទៀតថា បុគ្គលិក និងកម្មករ និយោជិត ដែលបម្រើការងារនៅទីតាំងនេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ដ្រីជំនាញ និងមន្ដ្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ នៅទីតាំងដែលបានរៀបចំ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
និយោជក ម្ចាស់ ឬអ្នកគ្រប់គ្រង ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ដ្រីជំនាញ និងមន្ដ្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖