(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្មរបស់រោងចក្រ សហគ្រាស ឃីនស៍ ថេកស្តាយ នៅភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីទប់ស្កាក់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សេចក្តីសម្រេចរបស់លោកអភិបាលបានបញ្ជាក់ថា ការផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្មរបស់រោងចក្រ សហគ្រាស ឃីនស៍ ថេកស្តាយ មានរយៈពេល៦ថ្ងៃ ចាប់ពីគិតពីម៉ោងសូន្យ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដល់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

បុគ្គលិក និងកម្មករ-និយោជិត ដែលបម្រើការងារតាមរោងចក្រ-សហគ្រាស ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាក វិភាគរកមេរោគ នៅទីតាំងដែលបានរៀបចំ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

និយោជក ម្ចាស់ ឬ អ្នកគ្រប់គ្រងរោងចក្រ-សហគ្រាសត្រូវចូលរួម សហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកបំរពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់៕