(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់បន្ថែមទៀតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ។ យោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩នេះ មានឈ្មោះ តុប វណ្ណណេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ទីលំនៅអចិន្ត្រៃយ៍ភូមិព្រៃសំពៅ ឃុំប្រសិទ្ធិ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បុគ្គលខាងលើចេញ ពីស្រុកកំណើតមកស្នាក់នៅផ្ទះថៅកែផ្សាដែកយីហោ ជាងលាប នៅម្តុំបែកចានរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

លុះដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានធ្វើដំណើរតាមរថយន្តឈ្នួលដឹកអ្នកដំណើរពីភ្នំពេញមកខេត្តរតនគិរីតាមរថយន្តម៉ាក Ford ផ្លាកលេខភ្នំពេញ 2AV-4159 និងបានមកដល់ចំណុចត្រួតពិនិត្យបឋមស្ពានស្រែពកព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរីដែលប្រចាំការនៅចំណុចគោលដៅបានធ្វើការត្រួតពិនិត្យ និងកំណត់ចូលនិយមន័យសង្ស័យ ធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ ។ ដោយឡែកអ្នករួមដំណើរ ១០នាក់ទៀតអវិជ្ជមាន។

បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហមស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនិងសាធារណជនទាំងអស់នឹងចូលរួមសហការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ ,៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍និងក្រុមគ្រួសារ៕