(បន្ទាយមានជ័យ)៖ វត្ថុបុរាណចំនួន១៧ដុំ ត្រូវបានកសិករនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រគល់ជូនអាជ្ញាធរ និងមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចុះចូលក្នុងបញ្ជី និងរក្សាទុកនៅសារៈមន្ទីរសហគមន៍ ក្រោយពួកគាត់បានភ្ជូរដីចម្ការដោយរកឃើញនៅក្បែរប្រាសាទតាស្រី នៅក្នុងភូមិតាអុងលិច ឃុំស្វាយចេក។

កសិករដែលរកឃើញវត្ថុបុរាណទាំងនេះ បានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា គាត់បានបើកត្រាក់ទ័រភ្ជួរចម្ការដាំដំឡូងមី ស្រាប់តែប្រទះឃើញក្រឡកុលាភាជន៍មួយចំនួន តមកទៀតក៏ឃើញវត្ថុសិល្បៈបុរាណធ្វើលោហៈ ស្របពេលនោះមានការភ្ញាក់ផ្អើលដល់កសិករ និងអ្នកភូមិឯទៀត ក៏នាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់គោរពសក្ការៈតែម្តង ហើយក៏បានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះជូនអាជ្ញាធរតែម្តង ពោលគឺដើម្បីកុំឲ្យធ្លាក់ទៅដល់ដៃឈ្មួញ អ្នករកស៊ីទិញ-លក់ និងរត់ពន្ធវត្ថុសិល្បៈបុរាណ។

លោក យង់ តាំងគួយ ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំក្រុមការងារចុះពិនិត្យ និងចុះបញ្ជីវត្ថុសិល្បៈទាំងនោះ បានឱ្យដឹងថា វត្ថុបុរាណទាំងនេះអាចមានចំណាស់ក្នុង ស.វ ទី១០ ទៅ១១ ។ វត្ថុសិល្បៈបុរាណទាំងនោះមាន១៧ដុំ ធ្វើពីលោហៈធាតុ ក្នុងនោះមានពុម្ពចាក់ព្រះ២, កណ្តឹងត្រួយ២, កង៩, ទេឥវរូបស្រី១, ទេវរូបប្រុស១, ពុទ្ធរូបប្រក់នាគ២ និងដុំសំណរ១០ដុំ។

លោក យង់ តាំងគួយ បានថ្លែងអំណរគុណពលរដ្ឋដែលបានរកឃើញ ហើយប្រគល់វត្ថុសិល្បៈបុរាណមកអាជ្ញាធរដែនដី និងជំនាញវប្បធម៌ដើម្បីរក្សាទុកមិនឲ្យបាត់បង់ ដែលនេះជាស្មារតីស្នេហាមរតកវប្បធម៌បេតិកភ័ណ្ឌ សិល្បៈ និងអត្តសញ្ញាណជាតិខ្មែរ។

សូមបញ្ជាក់ថា ការទទួលលើកនេះទៀត នាំឱ្យសារៈមន្ទីរស្វាយចេក នឹងបានទទួលការដាក់តាំងបន្ថែមរូប ទើបប្រគល់ចំនួន១៧ដុំ /រូប ទៀត លើវត្ថុសិល្បៈបុរាណ ដែលទទួលពីពលរដ្ឋពីសមត្ថកិច្ចកងកម្លាំង ពីអ្នកមុខសញ្ញា ផ្សេងទៀតដែលបានដាក់តាំងមានចំនួន៥២៦ដុំ /រូប /បន្ទះ៕