(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការបង្ហោះវីដេអូចែកចាយនៅលើបណ្ដាញសង្គម TikTok ដែលអះអាងថា មានករណីជនជាតិចិន រត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅក្រុមហ៊ុនសំណង់ស្ថិតក្នុងតំបន់បឹងកក់។
សេចក្ដីបកស្រាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះតាមបណ្តាញសង្គម TikTok ភ្លាម ក្រុមការងារ បានទាក់ទងទៅអធិការនគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍ដើម្បីចុះធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង។
កម្លាំងគណបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ និងនាយប៉ុស្តិ៍នគរបាលស្រះចក បានចុះធ្វើការត្រួតពិនិត្យដល់គោលដៅក្រុមហ៊ុនសំណង់ដែលស្ថិតនៅបឹងកក់ ភូមិទី២ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានឲ្យអ្នកដែលកំពុងធ្វើចតាឡីស័កទាំងអស់ចេញតម្រង់ជួរ ដើម្បីធ្វើការត្រួតពិនិត្យ និងរាប់ចំនួនជាក់ស្តែង។
ក្រោយពីការរាប់ និងត្រួតពិនិត្យឃើញថា មានគ្រប់ចំនួនពុំមានបាត់ជនជាតិខ្មែរ ឬជនជាតិណាម្នាក់ដែលកំពុងធ្វើចត្តាឡីស័ក ដូចការចុះផ្សាយរបស់គណនី TikTok ខាងលើនោះទេ ជាក់ស្តែងតាមការស្រាវជ្រាវឲ្យដឹងថា ជនជាតិមួយក្រុមនោះបានជិះរថយន្តមកឈប់បត់ជើងតូចនៅតំបន់នោះតែប៉ុណ្ណោះ មិនមែនជាជនជាតិចិនរត់ចេញពីកន្លែងចត្តាឡីស័កនោះទេ។
ពេលនេះសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវរកម្ចាស់គណនី TikTok ដែលចុះផ្សាយព័ត៌មានមិនពិតនេះ ដើម្បីចូលខ្លួនមកបំភ្លឺពីការចុះផ្សាយនេះ៕