(ស្វាយរៀង)៖ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារស្រុក សហការជាមួយ ក្រុមប្រឹក្សាឃុំដូនស ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការបញ្ចប់ការធ្វើចត្តាឡីស័ក និងដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ស្ថិតនៅឃុំដូនសឡើងវិញ។
លោក ហែម សារិទ្ធ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ «៣ការពារ ៣កុំ» ឱ្យបានជាប់ជាប្រចាំផងដែរ។
សូមបញ្ជាក់ថា តូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ត្រូវបានផ្អាកជាបណ្តោះអាសន្នអស់រយ:ពេល១៨ថ្ងៃ ដោយសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ បន្ទាប់ពីបានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ នៅទីប្រជុំជនផ្សារនេះ។ តាមចុះស្រាវជ្រាវរុករកដោយយកចិត្តទុកដាក់ របស់ក្រុមការងារ គឺរកឃើញអ្នកមានការពាក់ព័ន្ធផ្ទាល់ និងប្រយោល ១៧១នាក់ ក្នុងនោះអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន១៨នាក់ ហើយបច្ចុប្បន្នបានសះស្បើយ ៦នាក់ កំពុងព្យាបាល ១១នាក់ និងបានស្លាប់បាត់បង់ជីវិត១នាក់៕