(កំពង់ឆ្នាំង)៖ រដ្ឋបាលក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបើកឱ្យរថយន្តតាក់ស៊ីទាំងអស់ ធ្វើចរាចរណ៍ទៅមករវាងក្រុងកំពង់ឆ្នាំង និងរាជធានីភ្នំពេញឡើងវិញ និងទៅកាន់កន្លែងផ្សេងៗទៀត។ នេះបើយោងតាមសេចក្ដីប្រកាស ដែលបណ្ដាញព័ត៍មាន Fresh News ទទួលបាន ។
ការអនុញ្ញាតឱ្យធ្វើចរាចរណ៍របស់រថយន្តតាក់ស៊ីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលក្រុង បានបិទចរាចរណ៍របស់រថយន្តតាក់ស៊ីរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញអ្នកបើកតាក់ស៊ី២នាក់ បានឆ្លងជំងឺកូវីដ១០ ក្នុងនោះមានឈ្មោះ ង វណ្ណា ភេទប្រុស អាយុ៦៣ឆ្នាំ ជាអ្នកបើកបររថយន្តតាក់ស៊ី នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង និងឈ្មោះសោម ឡុង ភេទប្រុស អាយុ៦៦ ឆ្នាំ នៅភូមិក្រាំងប្រាក់ សង្កាត់យួរ ជាអ្នកបើកបររថយន្តតាក់ស៊ី និងលក់បាយ គុយទាវ នៅបេនឡានផ្សារលើក្រុងកំពង់ឆ្នាំង។
ជាមួយនឹងការអនុញ្ញាតឱ្យចរាចរណ៍រថយន្តតាក់ស៊ីឡើងវិញនេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរតាមរថយន្តតាក់ស៊ី ប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ ៣កុំ» ហើយ រថយន្តតាក់ស៊ីទាំងអស់ ត្រូវចូលចតនៅកន្លែងតែមួយតាមការកំណត់របស់សមត្ថកិច្ច ហាមចតដោយគ្មានសណ្តាប់ធ្នាប់របៀបរៀបរយ ដូចជានៅសួនពុទ្ធិសែននាងកង្រី , ផ្លូវកែងជិតសាលាបឋមសិក្សាគំរូក្នុងនិងកន្លែងផ្សេងៗទៀត ។
រដ្ឋបាលក្រុងកំពងឆ្នាំង ក៏បានអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានការពាក់ព័ន្ធជាមួយនឹង ឈ្មោះ ញូង វណ្ណា និងឈ្មោះ សោម ឡុង ដែលវិជ្ជមានមេរោគកូវីដ-១៩ (Covid-19) បើមានអាការៈសុខភាពមិនស្រួល ឬមានការសង្ស័យ ត្រូវប្រញាប់ប្រញាល់មកពិនិត្យសុខភាព នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕