(កំពង់ស្ពឺ)៖ ប្រធានក្រុមហ៊ុន «Sanan Agriculture Development and Logistic» មានឈ្មោះ ស្លាត សាណាន ដែលរងការចោទប្រកាន់ថា បានបាញ់សម្លាប់មេគោកំពុងមានកូននៅក្នុងពោះរបស់អ្នកស្រុកមួយក្បាល យកទៅកាប់សាច់ចែកក្រុមកម្មករហូបចុកតាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ បើទោះបីមានដីកាបញ្ជាឲ្យចាប់ខ្លួន របស់តុលាការខេត្តកំពង់ស្ពឺក៏ដោយនោះ។
ជុំវិញករណីមួយនេះ ជនរងគ្រោះដែលជាម្ចាស់មេគោញី គឺអ្នកស្រី ស៊ូ ថន អាយុ៥៥ឆ្នាំ និងប្តីជុំ ខឿន អាយុ៥៣ឆ្នាំ រស់នៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានសម្រេចដាក់ពាក្យបណ្តឹង គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។
ពាក្យបណ្តឹងរបស់ម្ចាស់គោដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះបានឲ្យដឹងថា «កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ នៅវេលាម៉ោង៩ព្រឹកឈ្មោះ ស្លាត សាណាន បានប្រើអំណាចដ៏ឃោឃៅ មកលើគ្រួសាររបស់នាងខ្ញុំណាស់ ដោយបានបាញ់សម្លាប់មេគោញីផើម មានកូនក្នុងពោះជិតកើតរបស់នាងខ្ញុំ យកទៅព្រលះយកសាច់ចែកកម្មករហូបអស់។ នាងខ្ញុំបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងតុលាការខេត្តកំពង់ស្ពឺ ឲ្យជួយរកយុត្តិធម៌ឲ្យ ពេលនោះមានលោកមេឃុំតាំងសំរោង និងអភិបាលស្រុកភ្នំស្រួច បានធ្វើរបាយការណ៍ជូនថ្នាក់លើរួចហើយ។ ហើយលោក គង់ សែត ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការចោទប្រកាន់ និងបញ្ជាឲ្យចាប់ខ្លួនយកមកឃុំខ្លួនឈ្មោះ ស្លាត សាណាន តែរហូតមកដល់ឆ្នាំ២០១៦នេះ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ»។
យោងតាមរបាយការណ៍របស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏បានឲ្យដឹងផងដែរថា ពិតជាមានករណីនេះកើតឡើងមែន ខណៈដែលគោរបស់ជនរងគ្រោះកំពុងដើរស៊ីស្មៅនៅតាមវាល។ យ៉ាងណាក៏ដោយ ចំពោះករណីនេះអង្គភាព Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីប្រធានក្រុមហ៊ុននេះនៅឡើយទេ៕