(បាត់ដំបង)៖ គ្រឹះស្ថានឧត្តមសិក្សាកម្ពុជាចំនួនបី រួមមានសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានសហការរៀបចំសិក្ខាសាលាបណ្តុះបណ្តាល តាមអនឡាញស្តីពីវិធីសាស្រ្តរៀនសកម្ម និងរៀនផ្អែកលើបញ្ហា នៅការក្នុងការអប់រំវិស្វកម្ម នៅប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
សិក្ខាសាលាបណ្តុះបណ្តាល ស្ថិតនៅក្រោមគម្រោងកសាងសមត្ថភាព នៅគ្រឹះស្ថានឧត្តមសិក្សារបស់សហគមន៍អ៊ឺរ៉ុប (Erasmus + ALIEN)។ មានសិក្ខាកាមចូលរួមចំនួន៦០នាក់ ដែលជាគ្រូបង្រៀន និងអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង។
លោកស្រី សៀវ ស្រីមាន បច្ចុប្បន្នជាគ្រូបង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាគ្រូបង្គោលក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ។ លោកបណ្ឌិត សំ រ៉ានី លោក ពេជ្រ វាសនា និងលោក ឡាយ ហេង ជាអ្នកសម្របសម្រួលសិក្ខាសាលា និងជាអ្នកសម្របសម្រួលគម្រោងប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំងបីនេះ។
សិក្ខាសាលានេះមានគោលបំណងសំខាន់ចំនួនបួនរួមមាន៖ (១) ធ្វើការណែនាំវិធីសាស្រ្តរៀនសកម្ម (AL) និងការរៀនផ្អែកលើបញ្ហា(PBL) (២) ផ្តល់វិធីសាស្រ្តបង្រៀនជាក់ស្តែង ដើម្បីអនុវត្តនៅក្នុងសកម្មភាពបង្រៀនរបស់ពួកគេ (៣) បង្កើនប្រសិទ្ធភាពក្នុងការរៀន និងការយល់ដឹងរបស់និស្សិត និង (៤) លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ ក្នុងការរៀបចំគម្រោងការរៀនផ្អែកលើបញ្ហា ដើម្បីអនុវត្តនៅក្នុងមុខវិជ្ជាបង្រៀនរបស់ពួកគាត់។ ជាងនេះទៀត សិក្ខាសាលានេះមានគោលបំណងចែករំលែកវិធីសាស្រ្តគរុកោសល្យបង្រៀនថ្មីៗ នៅក្នុងការបង្រៀននាសតវត្សរ៍ទី២១នេះ ព្រមទាំងឧត្តមានុវត្ត ដល់លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសាកលវិទ្យាល័យជាដៃគូក្នុងគម្រោង។
សូមគូសបញ្ជាក់ផងដែរថា គម្រោងរៀនសកម្មនៅក្នុងការអប់រំវិស្វកម្ម (Active Learning In Engineering Education- ALIEN Project) មានគោលបំណងជួយលើកកម្ពស់គុណភាពអប់រំនៅគ្រឹះស្ថានឧត្តមសិក្សា តាមរយៈការលើកទឹកចិត្ត និងការជំរុញឱ្យមានការរៀនសកម្ម និងការរៀនផ្អែកលើបញ្ហាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
លើសពីនេះទៅទៀតគម្រោងនេះមានគោលបំណងជួយអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបំណិនជីវិតរបស់និស្សិតតាមបំណងប្រាថ្នារបស់ពួកគេ។ គម្រោងនេះក៏មានគោលបំណងជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាបង្កើតផែនការយុទ្ធសាស្ត្រ ឬគោលនយោបាយអប់រំរបស់ខ្លួនដោយបញ្ជូលវិធីសាស្រ្តរៀនសកម្ម និងរៀនផ្អែកលើបញ្ហានៅក្នុងកម្មវិធីអប់រំវិស្វកម្មរបស់ខ្លួន។
គម្រោងនេះមានរយៈពេលជាងបីឆ្នាំ(២០១៧ដល់២០២១) ដោយបានអនុវត្តនៅក្នុងបណ្តាប្រទេសអឺរ៉ុបចំនួន៥និងនៅបណ្តាប្រទេសអាស៊ីចំនួន៥។ គម្រោងនេះមានសាកលវិទ្យាល័យដៃគូចូលរួមសរុបចំនួន១៧ និងប្រទេសចំនួន១០ រួមមាន ប្រទេសក្រិក ប្រទេសព័រទុយហ្កាល់ ប្រទេសអង់គ្លេស ប្រទេសអេស្តូនី ប្រទេសប៊ុលហ្គារី ប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសនេប៉ាល់ និងប្រទេសប៉ាគីស្ថាន៕