(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានយកសំណាកធ្វើតេស្ដរកមេរោគកូវីដ១៩ សរុបចំនួន ១,២១៤,៨៩៤សំណាក ក្នុងនោះវិជ្ជមាន សរុបចំនួន ៣៦,៦៦៦នាក់។
ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ នៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ដែលមានការអញ្ជើញចូលរួមដោយ លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Foroogh Foyouzat តំណាង UNICEF។
លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News បន្ដថា «បច្ចុប្បន្ននេះ វីរុសកូវីដ១៩ កំពុងតែចរាចរណ៍នៅក្នុងកម្ពុជា ហើយយើងឃើញថា អ្នកវិជ្ជមានជំងឺកូវីដ១៩នេះ គឺបានរកឃើញជារៀងរាល់ថ្ងៃ ស្ទើរតែគ្រប់ខេត្ដក្រុង។ ដូច្នេះសូមប្រជាពលរដ្ឋ បន្ដអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ និង៣កុំ និងអញ្ជើញមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ដ»។
លោកស្រីថ្លែងបន្ដថា ក្នុងនោះ «៣ការពារ» ប្រជាពលរដ្ឋយើង អនុវត្ដបានច្រើនហើយ នៅឡើយ «៣កុំ» ពលរដ្ឋយើងអនុវត្ដមិនទាន់បានល្អនៅឡើយទេ ដោយឃើញថា មានការប្រមូលផ្ដុំជួបជុំមនុស្សច្រើន នៅកន្លែងដែលបិទជិត និងចាប់ដៃគ្នា ឬនៅក្បែរគ្នាជាដើម។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦,៦៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៩,៨០៧នាក់ និងស្លាប់សរុបចំនួន ៣០០នាក់៕