(ភ្នំពេញ)៖ លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩ វានឹងអាចមានសភាពធ្ងន់ធ្ងរជាងអ្វីដែលយើងឃើញនាពេលបច្ចុប្បន្ននេះ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាឆាប់ភ្លេចខ្លួន ថាមិនអីទេ ហើយបន្ធូរបន្ថយនូវវិធានការពារ នោះវានឹងក្លាយជាគ្រោះថ្នាក់មួយជាក់ជាមិនខាន។

តំណាងអង្គការសុខភាពពិភពលោករូបនេះ បានថ្លែងបន្ដថា «ការបន្ធូរបន្ថយនូវវិធានការពារកូវីដ១៩ នឹងធ្វើឱ្យមានកំណើនកើនឡើងនៃការជួបជុំគ្នា ហើយការជួបជុំគ្នានេះហើយ ដែលជំរុញឱ្យមានឆ្លងកាន់តែច្រើនឡើង»។

លោកស្រី លី អាយឡាន បានបន្ដទៀតថា «បច្ចុប្បន្ននេះ មិនមែនជាពេលវេលាដែលយើងត្រូវបន្ថូរបន្ថយវិធានការពារកូវីដ១៩នោះទេ គឺជាពេលវេលាមួយដែលត្រូវខិតខំបន្ថែមទៀត ដើម្បីការពាររៀងៗខ្លួន ដើម្បីយើងបានចៀសផុត និងបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ខ្ញុំសង្ឃឹមថា យើងនឹងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នា»។

ការថ្លែងបែបនេះរបស់លោកស្រី ក្នុងឱកាសរួមដំណើរជាមួយលោកស្រី ឱ វណ្ណឌីន និងលោកស្រី Foroogh Foyouzat តំណាង UNICEF អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកស្រី លី អាយឡាន ក៏បានថ្លែងអំពាវនាវពលរដ្ឋកម្ពុជា បន្ដអនុវត្ដនូវវិធានការពារកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ព្រោះការរួមចំណែកនេះ នឹងអាចធ្វើឱ្យយើងដើរចេញបានពីប្រអប់នៃការចម្លងវីរុសកូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងកូវីដ១៩ គឺអាចជួយទៅដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ ប៉ុន្ដែការប្រើប្រាស់វ៉ាក់សាំងតែមួយមុខ មិនមែនជាជម្រើសក្នុងការទប់ស្កាត់បាននូវការឆ្លងជំងឺកូវីដ១៩នោះទេ អ្វីដែលសំខាន់ គឺយើងត្រូវរួមគ្នាអនុវត្ដឱ្យបានខ្ជាប់ខ្ជួន ៣ការពារ ៣កុំ បូកទាំងការចាក់វ៉ាក់សំាងការពារកូវីដ១៩ និងវិធានការផ្សេងៗទៀតដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានដាក់ចេញ។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ លោកស្រី លី អាយឡាន ក៏បានគូសបញ្ជក់ថា «ពលរដ្ឋកម្ពុជា មានភ័ព្វសំណាងណាស់ ដែលទទួលបានការចាក់វ៉ាក់សាំង ដោយមិនគិតថ្លៃទន្ទឹមនឹងនោះក៏មាន មានជនបរទេសផងដែរ។ ហើយខ្ញុំពិតជាសប្បាយចិត្ដ ដែលឃើញមនុស្សវ័យចំណាស់ និងជនដែលមានពិការភាព បានទទួលការវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាពិសេសផ្ដល់អាទិភាពមុនគេ ដោយការយកចិត្ដទុកដាក់»។

សូមជម្រាបថា ក្នុងឱកាសចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ១៩ នៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាលនេះ លោកស្រី លី អាយឡាន និងលោកស្រី Foroogh Foyouzat តំណាង UNICEF បានកោតសរសើរចំពោះការសហការគ្នា និងការរៀបចំបានយ៉ាងល្អ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕