(ភ្នំពេញ)៖ ក្រុមនិស្សិតស្ម័គ្រចិត្ត«មូលនិធិកម្ពុជា» បាននិយាយថា ដោយក្តីអាណិត និងដើម្បីរួមចំណែកកាត់បន្ថយការលំបាក របស់មណ្ឌលទាំងពីរនេះ ទើបថ្ងៃនេះ ក្រុមនិស្សិតស្ម័គ្រចិត្ត«មូលនិធិកម្ពុជា» សហការជាមួយ ក្រុម Together We Can និងបុគ្គលិកក្រុមហ៊ុន ទឹកបរិសុទ្ធ EVA នាំយកអំណោយរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនប្រើប្រាស់ បណ្ដាញសង្គម Facebook បានសម្រេចចិត្តធ្វើដំណើរ យកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគ-បរិភោគ មួយចំនួន ឧបត្ថម្ភ ដល់មណ្ឌលថែរក្សាកុមារ និងជនចាស់ជរា ឬអ្នកផ្ទុះមេរោគអេដស៍ នៅក្នុងមណ្ឌលចំនួនពីរ នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៦នេះ។
មណ្ឌលចិញ្ចឹមកុមារកំព្រាទាំងពីរ ខាងលើនេះទី១ មានឈ្មោះថាមណ្ឌល «បងប្រុសមេត្តា ករុណា» និងទី២ មណ្ឌល «បងស្រីមេតា្ត ករុណា» ដែលមានទីតាំងស្ថិតនៅសង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមការនិយាយ ឲ្យដឹងពីបុគ្គលិកបម្រើការងារ នៅមណ្ឌលបងប្រុសមេត្តា ករុណា ម្នាក់បានលើកឡើងថា សម្រាប់មណ្ឌលបងប្រុសមេត្តា ករុណា នេះគឺមានទាំងកុមារ ផ្ទុកមេរោគអេដស៍ មនុស្សវ័យជំទង់ និងចាស់ជរា ដែលភាគច្រើនពួកគាត់ ជាមនុស្សបាត់បង់សមត្ថភាព និងសតិបញ្ញាឬពិការ ហើយត្រូវបានក្រុមគ្រួសារ សាច់ញាតិឪពុក-ម្តាយបោះបង់ចោល។
នៅក្នុងមណ្ឌលនេះ ផ្តោតសំខាន់លើការចិញ្ចឹម មើលថែមនុស្សប្រុសមិនថាកុមារ ឬជនចាស់ជរាទេ ព្រោះមណ្ឌលបងប្រុសមេត្តា ករុណា ចាំទទួលយកតែបុរសៗប៉ុណ្ណោះ។ ដោយឡែកមនុស្សស្រីដូចជា កុមាររី ក្មេងជំទង់ ឬចាស់ជរា គឺត្រូវបានការមើលថែពីមណ្ឌលបងស្រី មេតា្ត ករុណា ពោលគឺបែងចែកគ្នាដាច់ បុរសរស់នៅមួយផ្នែក រីឯនារីត្រូវបានការមើលថែ មួយផ្នែកដូចគ្នា គ្រាន់តែមិនបានដាក់ឲ្យរស់នៅ ក្នុងមណ្ឌលតែមួយជាមួយគ្នាប៉ុណ្ណោះ។
កញ្ញា ហង្ស ម៉ារីនី តារាសម្តែងច្រមុះស្រួច កំពុងលេចធ្លោលើសកម្មភាពមនុស្សធម៌ ជាអ្នកដឹកនាំក្រុមការងារ បានប្រាប់ឲ្យដឹងថា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគ-បរិភោគ ទាំងអស់មានដូចជា មី ប្រេងឆា នំកញ្ចប់ ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៉ីវ និងអង្ករ ហើយបានយកទៅឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា ជនពិការ ជនខ្សោយបញ្ញាស្មារតី និងជនផ្ទុកមេរោគអេដស៍ ចំនួន២កន្លែង នៅជាយរាជធានីភ្នំពេញ។
តំណាងក្រុមនិស្សិតស្ម័គ្រចិត្ត«មូលនិធិកម្ពុជា» បាននិយាយថា ដោយក្តីអាណិត និងដើម្បីរួមចំណែកកាត់បន្ថយការលំបាក របស់មណ្ឌលទាំងពីរនេះ ទើបថ្ងៃនេះ ក្រុមនិស្សិតស្ម័គ្រចិត្ត«មូលនិធិកម្ពុជា» សហការជាមួយ ក្រុម Together We Can និងបុគ្គលិកក្រុមហ៊ុន ទឹកបរិសុទ្ធ EVA នាំយកអំណោយរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនប្រើប្រាស់ បណ្ដាញសង្គម Facebook បានសម្រេចចិត្តធ្វើដំណើរ យកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគ-បរិភោគ មួយចំនួន ឧបត្ថម្ភ ដល់មណ្ឌលថែរក្សាកុមារ និងជនចាស់ជរា ឬអ្នកផ្ទុះមេរោគអេដស៍ នៅក្នុងមណ្ឌលចំនួនពីរ គឺមណ្ឌល «បងប្រុសមេត្តា ករុណា» និងមណ្ឌល «បងស្រីមេតា្ត ករុណា»។
ហង្ស ម៉ារីនី បន្តថា ចំពោះថវិកា ត្រូវបានចំណាយទិញសម្ភារៈ មានចំនួនជាង១ពាន់ដុល្លារ ដែលថវិកាទាំងនេះ បានមកពីសប្បុរជននានា ទូទាំងប្រទេស និងបងប្អូន អ្នកលេងបណ្ដាញសង្គម Facebook ដែលមានចិត្តសប្បុរសបរិច្ចាគ ទោះតិចក្ដីច្រើនក្ដី ដើម្បីជួលដល់ជនក្រីក្រ ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក បានមួយផ្នែក បន្ទាប់ពីទទួលបានការឧបត្ថម្ភ ពីអង្គការក្រៅប្រទេស៕