Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បិទការប្រកួតដណ្តើម ពានរង្វាន់បាល់ទាត់ ខណ្ឌពោធិ៍សែនជ័យ លេខ១បាន៤លាន លេខ២បាន២លានរៀល និងលេខ៣បាន១លាន

15-03-2016 18:12

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ នៅសាលាខណ្ឌពោធិ៍សែនជ័យមានការរៀបចំបិទការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់របស់ក្រុមយុវជននៅតាមសង្កាត់នីមួយៗរបស់ខណ្ឌពោធិ៍សែនជ័យ ដែលធ្វើឡើងក្រោមវត្តមានរបស់លោក គីមរិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសហភាពសហព័ន្ធយុវជនខេត្តកណ្តាល លោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងថ្នាក់ដឹកនាំមួយចំនួនទៀត។

លោក ហែម ដារិទ្ធិ បានថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់ សាលាខណ្ឌពោធិ៍សែនជ័យលើកទី២នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នាវិទ្យាល័យជម្ពូវ័នថា ការរៀបចំពិធីប្រកួតបាល់ទាត់នេះ ថ្នាក់ដឹកនាំខណ្ឌមានគោលបំណងប្រមូលផ្តុំយុវជនគ្រប់ស្រទាប់វណ្ណៈ ឲ្យចេះសាមគ្គីឯកភាពគ្នា ពីសង្កាត់មួយ ទៅសង្កាត់មួយ បញ្ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន, ការប្រព្រឹត្តបទល្មើស, អំពើអានាចារ ដែលជាកត្តានាំឲ្យប៉ះពាល់ដល់ការ សិក្សារៀនសូត្ររបស់ប្អូនៗយុវវ័យនៅពេលបច្ចុប្បន្ន និងអនាគត។

លោកបានបន្តថា ក្នុងនាមរដ្ឋបាលខណ្ឌគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់នេះ បានសម្តែងនូវការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់របស់ក្រុមកីឡាករកន្លងមកនេះ ក៏ដូចជា ការចូលរួមបង្ហាញនូវទឹកចិត្តស្រឡាញ់ វិស័យកីឡាបាល់ទាត់ ក្នុងពិធីប្រកួតបង្ហាញសមត្ថភាពដណ្តើមពានរង្វាន់នាពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ថា ក្រុមដែលចូលរួមមាន ១២ក្រុម ពូល «ក» ១.សង្កាត់ត្រពាំងក្រសាំង, ២.សង្កាត់កំបូល, ៣.សង្កាត់សំរោងក្រោម, ៤.សង្កាត់សន្ទោក, ៥.សហព័ន្ធសហជីពស្មារតីកម្មករកម្ពុជា និង៦.វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ដោយឡែក ពូល «ខ» ១.សង្កាត់ភ្លើងឆេះរទេះ, ២.សង្កាត់បឹងធំ, ៣.សហជីពអំណាចកម្មករខ្មែរ, ៤.សង្កាត់កាកាប, ៥.សង្កាត់ស្នោរ និង៦.សង្កាត់ចោមចៅ។ ដូច្នេះនៅថ្ងៃនេះដែរ ក្រុមកីឡាករសង្កាត់ចោមចៅ បានធ្វើការប្រកួតដណ្តើមយកលេខ១ជាមួយនឹងក្រុមកីឡាករសង្កាត់ភ្លើងឆេះរទេះ។

សូមជម្រាបថា ចំណាត់ថ្នាក់លេខ៣ សង្កាត់ត្រពាំងក្រសាំង ទទួលបានមេដាយសំរិទ្ធចំនួន ២២នាក់ ទឹកប្រាក់១លានរៀល ដោយលោក ខៀវ ឃីនាថ សមាជិកក្រុមប្រឹក្សាបក្សខណ្ឌ, ចំណាត់ថ្នាក់លេខ២ សង្កាត់ភ្លើងឆេះរទេះ ទទួលបានមេដាយប្រាក់ចំនួន២២នាក់ ទឹកប្រាក់ ២លានរៀល បំពាក់មេដាយដោយលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងចំណាត់ថ្នាក់លេខ១ សង្កាត់ចោមចៅ ទទួលបានពាន១ មេដាយមាសចំនួន ២២នាក់ ទឹកប្រាក់ ៤លានរៀល បំពាក់មេដាយដោយឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕