(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាចង់រៀនសូត្របទពិសោធន៍របស់វេទិកាដឹកជញ្ជូនអន្តរជាតិ ទាក់ទងនឹងគោលនយោបាយយុទ្ធសាស្ត្រ ការដឹកជញ្ជូនបៃតង ដោយសារកម្ពុជាសព្វថ្ងៃនេះមិនទាន់មានយានយន្តដើរដោយអគ្គិសនី (Electric Vehicle) នៅឡើយទេ ប៉ុន្តែកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅនោះហើយ។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ដូចនេះនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Young Tae Kim អគ្គលេខាធិការនៃវេទិកា ដឹកជញ្ជូនអន្តរជាតិ (International Transport Forum) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញបច្ចេក ទេសពាក់ព័ន្ធដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជាអាស៊ាន និងវេទិកាដឹកជញ្ជូនអន្តរជាតិ។
ជំនួបនេះបានពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន ការចូលរួមរបស់វេទិកាដឹកជញ្ជូនអន្តរជាតិនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ២០២០-២០២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បច្ចុប្បន្នភាពសមាជិកភាពរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ និងការចែករំលែកព័ត៌មានរបស់វេទិកាដឹកជញ្ជូនអន្តរជាតិជាមួយនឹងកម្ពុជា និងអាស៊ាន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើសុំការចែករំលែកព័ត៌មានពីវេទិកាដឹកជញ្ជូនអន្តរជាតិ លើការប្រើប្រាស់ប្រព័ន្ធ GPS បំពាក់លើយានយន្ត ដើម្បីតាមដាន ស្ថានភាពយានយន្ត ដែលកំពុងបើកបរលើដងផ្លូវ ដោយសារបច្ចុប្បន្ននេះមានប្រព័ន្ធច្រើនមិនដឹងថា ប្រព័ន្ធណាមួយល្អអាចទទួលយកបានសម្រាប់កម្ពុជា ក៏ដូចជាបណ្តា ប្រទេសអាស៊ាន ដើម្បីយកបញ្ហានេះទៅសិក្សាស្វែងយល់ និងពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានសំដៅអនុម័តយកបទដ្ឋាន រួមមួយសម្រាប់ប្រើប្រាស់ ទាំងអស់គ្នា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា បញ្ហាសុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតរបស់កម្ពុជា និងអាស៊ានទាំងមូល ដោយហេតុថា បច្ចុប្បន្ននេះមានមនុស្សចំនួនពី៤ ទៅ ៥នាក់ គិតជាមធ្យមបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ហើយបើតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក បញ្ហាគ្រោះថ្នាក់ចររាចរណ៍នេះបង្កឱ្យខូចខាតទ្រព្យសម្បត្តិប្រមាណ ៣០០លានដុល្លារក្នុងមួយឆ្នាំ ខាតបង់ពេលវេលា និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានសម្តែងនូវការស្វាគមន៍ ចំពោះការចូលរួមដោយផ្ទាល់របស់វេទិកាដឹកជញ្ជូន អន្តរជាតិ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅពេលទទួលបានការយល់ព្រមជាទូទៅពី រដ្ឋសមាជិកអាស៊ានទាំងអស់នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។
ជាមួយគ្នានោះលោក Young Tae Kim ក៏បានធ្វើបច្ចុប្បន្នភាពអំពីសមាជិកភាពនៃវេទិកាដឹក ជញ្ជូនអន្តរជាតិ (ITS) ដោយក្នុងនោះលោកបានបញ្ជាក់ថា ប៉ុន្មានឆ្នាំ កន្លង ទៅនេះ ITF ទទួលបានសមាជិកថ្មីមួយចំនួនទៀតរួមមាន ប្រទេសMongolia ប្រទេសObekistan និងបណ្តាប្រទេសចំនួន៧ទៀតមកពីទ្វីបអាស៊ី និងបានសម្តែងនូវការ ស្វាគមន៍ ចំពោះទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសកម្ពុជា ដែលមានបំណងចង់ចូលជាសមាជិករបស់វេទិកាដឹកជញ្ជូនអន្តរជាតិ តាមរយៈអង្គការ UNSCAP និងធនាគារអភិវឌ្ឍន៍អាស៊ី និងលេខាធិការដ្ឋានអាស៊ានផងដែរ៕