(ព្រៃវែង)៖ នៅចំណុចឈរជើងរបស់គយចល័តតំបន់២ ភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មន្ត្រីគយការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ បានធ្វើការត្រួតពិនិត្យ និងឃាត់ទុកជាបណ្តោះអាសន្ននូវទំនិញ ផ្លែគូលែនស្រស់ ផ្ទុកក្នុងកេសស្នោរ លើរថយន្តពាក់ស្លាកលេខ កំពង់ចាម 3A-8389 នាំចូលតាមមាត់ច្រកបុសមន ខេត្តស្វាយរៀង។
ការបង្ក្រាបនេះបានធ្វើឡើងនាយប់ថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨៖៣០នាទី ក្រោមការចង្អុលបង្ហាញពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស។
យោងតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនានេះ បញ្ជាក់ថា ចំពោះការបង្ក្រាបខាងលើ ជាលទ្ធផលត្រួតពិនិត្យ មានទំនិញជាផ្លែគូលែនស្រស់ ចំនួន ៩០០កេស ទម្ងន់ប្រហែល ២០,០០០គីឡូក្រាម និងបានបង់ពន្ធគយចំនួន ៦០០គីឡូក្រាម។ មន្ត្រីគយនិងរដ្ឋាករ បានធ្វើកំណត់ហេតុឃាត់ទុកទំនិញនិងរថយន្តជាបណ្តោះអាសន្ន។
ដោយមន្រ្តីគយពិនិត្យឃើញថា ទំនិញជាផ្លែគូលែនស្រស់ ជាប្រភេទចំណីអាហារ មានការសង្ស័យខ្លាចប៉ះពាល់ដល់សុខភាព មន្រ្តីគយក៏បានសហការជាមួយមន្រ្តីជំនាញ កបប ខេត្តព្រៃវែង ដោយមានគ្រាំទ្រពីរថយន្តពិសោធន៌ចល័តនៃអគ្គនាយកដ្ឋាន កបប (អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហ័រណអាហ័រណ និងបង្រ្កាបការក្លែងបន្លំ) បានចុះមកយកគំរូចំនួន ១០ គំរូ ដើម្បីពិនិត្យរកមើលកាកសំណល់ថ្នាំសម្លាប់កសិកម្ម ក្នុងរថយន្តពិសោធន៍ចល័តភ្លាមតែម្តង។
ជាលទ្ធផលឃើញថា គឺមានសំណល់ថ្នាំសំលាប់សត្វល្អិតកម្រិតទាបបំផុត ដែលតាមការបញ្ជាក់ពីមន្ត្រីពិសោធន៍ ផ្លែគូលែននេះមានសុវត្ថិភាពអាចបរិភោគបាន មិនប៉ះពាល់ដល់សុខភាពទេ។ ដូចនេះមន្ត្រីគយបានអនុញ្ញាត្តិឲ្យម្ចាស់ទំនិញធ្វើការកក់ប្រាក់ពន្ធនិងពិន័យ ដើម្បីអាចយកទំនិញទៅចែកចាយនៅទីផ្សារទាន់ពេលវេលា៕