(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Foroogh Foyouzat តំណាង UNICEF បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ នៅអនុវិទ្យាល័យខ្ពបវែង និងវត្តតាខ្មៅ ក្នុងខេត្តកណ្តាល នៅរសៀលទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ការបន្ដចុះមកពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ដើម្បីប្រកាសបើកយុទ្ធនាការបន្ដចាក់វ៉ាក់សាំងផង និងពិនិត្យមើលការរៀបចំរបស់ក្រុមគ្រូពេទ្យយើង នៅក្នុងការផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ១៩ ជូនទៅដល់ពលរដ្ឋយើងនៅទីក្រុងតាខ្មៅ ខេត្ដកណ្ដាលនេះ»។
លោកស្រីថ្លែងបន្ដថា «បើតាមស្ថិតិដែលខ្ញុំទទួលបាន ជាការប៉ាន់ប្រមាណ ពលរដ្ឋយើងប្រហែលជា១០ម៉ឺននាក់ ដែលនឹងមកទទួលការចាក់វ៉ាក់សាំងនេះ ដោយក្នុងចំនួននេះ មានកម្មករ-កម្មការិនី ប្រហែលជាង ៣ម៉ឺននាក់ផងដែរ»។
សូមជម្រាបថា បើគិតត្រឹមយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៧៧០,៦១១នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន២៧.៧១%៕