(ភ្នំពេញ)៖ ការដ្ឋានបូមខ្សាច់ និងស្តុកទុកលក់រួមទាំងសម្រាប់លាយបេតុង ដែលគេអះអាងថា ជារបស់ឧកញ៉ាឈន សារ៉ាណេ មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក និងមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃទើបតែងតាំងថ្មីផងនោះ ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅ ចុះផ្អាកអាជីវកម្មកាលពីម្សិលមិញ ហើយនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រុមការងារ ចុះត្រួតពិនិត្យមើលជាក់ស្ដែង បន្ទាប់ពីមានប្រជាពលរដ្ឋប្ដឹង និងនាំគ្នាលើកបដាតវ៉ា ក្រោយពីផ្ទះសម្បែងដីធ្លីរបស់ពួកគាត់ត្រូវបានលិចលង់ដោយការដ្ឋាននេះរួចមក។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ទីតាំងការដ្ឋានបូមខ្សាច់ ស្តុកទុកលក់ និងសម្រាប់ទុកលាយបេតុងខាងលើនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិក្ដីតាកុយ និងវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកប្រជាពលរដ្ឋរងគ្រោះ លិចលង់ផ្ទះសម្បែងដីធ្លីទាំងអស់មានចំនួន៤១គ្រួសារ ដោយគ្រួសារខ្លះផ្ទះ ទៀមផ្ទាល់ដីត្រូវទឹកលិចចូលដល់ក្នុងផ្ទះ និងគ្រួសារខ្លះទៀតដីធ្លីរបស់ពួកគាត់ត្រូវបានទឹកជន់លិចដោយសារតែ ការបូមខ្សាច់ដាក់ហើយហៀរហូរទឹកពាសវាលពាសកាល ដោយក្រុមហ៊ុនមិនទទួលខុសត្រូវ។
ក្នុងនោះខណៈចុះត្រួតពិនិត្យមើលនោះលោកអភិបាលខណ្ឌ ក៏បានណែនាំប្រាប់ប្រជាពលរដ្ឋឲ្យធ្វើការតាមដានមើល បើការដ្ឋាននេះនៅតែបន្តបូមដោយមិនធ្វើការដោះស្រាយ ផលប៉ះពាល់ទាត់សូមឲ្យប្រជាពលរដ្ឋ រាយការណ៏ទៅលោកជាបន្ទាន់ លោកនឹងមានវិធានការភ្លាម។ ក្រៅពីនេះ លោកក៏បានឲ្យមន្ត្រីរបស់លោករៀបចំប្រព័ន្ធលូរំដោះទឹកចេញពីផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបញ្ជៀសការលិចលង់ផងដែរ។
សូមបញ្ជាក់ថា ការដ្ឋានបូមខ្សាច់របស់លោកផ្កាយ៣ឈន សារ៉ាណេ នេះបានធ្វើអាជីវកម្មរាប់ឆ្នាំមកហើយ ក្រៅពីបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជិតខាងក៏បង្កផលប៉ះពាល់ដល់ អ្នកធ្វើដំណើរផងដែរតាមរយៈរថយន្តដឹកខ្សាច់កំពប់តាមផ្លូវ។
តាមប្រភពព័ត៌មានពីអ្នកស្គាល់លោក ឈន សារ៉ាណេ បានឲ្យដឹងថា បុគ្គលរូបនេះ មានមុខរបរមួយទៀត គឺជាអ្នកជំនាញរត់ការ ខាងធ្វើផ្លូវ និងធ្វើការដ្ឋានបូមខ្សាច់។ ពីមុនលោក ឈន សារ៉ាណេ ធ្លាប់ធ្វើជាមន្រ្តីនគរបាលពាក់ស័ក្តិ៥ តែក្រោយមកបានរត់ការ ទៅជាមន្រ្តីយោធារហូតពាក់ផ្កាយ៣ ដោយចូលដំបូងជានាយរងសេនាធិការកងវិស្វកម្ម បន្ទាប់មកក្លាយជាមេបញ្ជាការរងកងវិស្វកម្ម រួចក្លាយជានាយរងសេនាធិការចំរុះ រហូតរត់ការមកធ្វើជានគរបាលវិញ ដែលមានតួនាទីជាអគ្គនាយករងភស្តុភា និងហិរញ្ញាវត្ថុ៕