Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ផ្ទះទឹក និងបែរចិញ្ចឹមត្រីមួយចំនួន ចាប់ពីព្រំប្រទល់ខណ្ឌព្រែកព្នៅ រហូតមកដល់ព្រំប្រទល់ខណ្ឌដូនពេញ ត្រូវបានរុះរើបណ្តើៗហើយ

10-06-2021 17:09

(ភ្នំពេញ)៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចាប់ពីព្រំប្រទល់ខណ្ឌព្រែកព្នៅ រហូតមកដល់ព្រំប្រទល់ខណ្ឌដូនពេញ បានចុះផ្សព្វផ្សាយបន្ថែមអំពីសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ស្តីពីការរុះរើ ឬចល័តបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សម្រាប់យុទ្ធការចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ ជារួមមានផ្ទះទឹក និងបែរចិញ្ចឹមត្រីមួយចំនួន ត្រូវបានរុះរើបណ្តើៗហើយ និងមួយចំនួនទៀតនៅមិនទាន់ធ្វើការរុះរើនៅឡើយ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក៏បានចេញប្រកាសព័ត៌មានផងដែរថា កន្លងមកមានជនឱកាសនិយមមួយចំនួន បានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៉ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាល ពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាព នៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។

ចំពោះមុខដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល០១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្តីជូនដំណឹងនេះតទៅ។

ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញ៕