(ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋថា យ័ន្តការពារសុខភាពអាយុជីវិតបងប្អូនដ៏ស័ក្តសិទ្ធបំផុត គឺត្រូវអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺអនុវត្តវិធានការ «៣កុំ និង៣ការពារ» នោះបងប្អូនទាំងអស់គ្នានឹងចៀសផុតពីជំងឺកូវីដ១៩។

ការថ្លែងជាថ្មីក្នុងន័យក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នដោយខ្លួនឯងនេះ បានលើកឡើងនៅគ្រាដែលលោកអភិបាលខណ្ឌ អញ្ជើញចែកអំណោយ ដល់ប្រជាពលរដ្ឋចំនួន៤៨ គ្រួសារដែលមានជីវភាពខ្វះខាត រស់នៅក្នុងតំបន់បន្ទប់ជួល តំបន់ធ្វើសក្តាឡីស័កភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌ បានសំណេះសំណាល និងផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ផ្ទះជួល ដែលកំពុងធ្វើចក្តាឡីស័កត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ។ ជំងឺកូវីដ-១៩នេះ ជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ។

បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ-១៩ គ្មានសាច់ញាតិ បងប្អូន ណាអាចទៅចូលរួមចំអាសទឹក ឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់ឲ្យក្រុមគ្រួសារគ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ។

លោកអភិបាលខណ្ឌ បានបន្តថា តាមរបាយការណ៍ ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសជាង៣០០នាក់ហើយ ដូច្នេះដើម្បីចៀសផុតពីជំងឺកាចសាហាវនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តំបន់បន្ទប់ជួល និងកំពុងធ្វើចក្តាឡីស័កត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួននូវ វិធានការ «៣ការពារ និង៣កុំ» និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា នៅតំបន់ផ្ទះជួលនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ និងអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ ត្រូវបានដឹកយកទៅព្យាលនៅមន្ទីរពេទ្យចាក់អង្រែក្រោម ចំណែកប្រជាពលរដ្ឋដែលត្រូវធ្វើចក្តាឡីស័ករស់នៅ តាមបន្ទប់ជួលក្នុងភូមិចំពុះក្អែកសង្កាត់ព្រែកថ្មី ដែលចំនួន៤៨គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ៕