(ភ្នំពេញ)៖ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបបានករណីជួញដូរគ្រឿងញៀន ចំនួន៣ករណី ចាប់ខ្លួនជនសង្ស័យ៤នាក់ និងរឹបអូសគ្រឿងញៀនជិត៤គីឡូក្រាម នៅរាជធានីភ្នំពេញ។
ករណីទី១៖ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០៖៣០នាទី កម្លាំងជំនាញ (ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហម គន្ធី ព្រមទាំងមានកាសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចផ្លូវលំ ផ្ទះជួល ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១៖ ឈ្មោះ សេង ស៊ីនួន ហៅ ម៉ាលីស ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងទី២៖ ឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបានរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ១៥៨៧,៨៤ក្រាម។
ករណីទី២៖ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០១៖០៥នាទី រំលងអាធាត្រ កម្លាំងជំនាញ (ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អាំ សុជាតិ និងលោកវរៈសេនីយ៍ យា ប៊ុនណារត្ន័ន៍ នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុច ផ្ទះសំណាក់ សម្បត្តិលាភ បន្ទប់លេខ២៤ ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៅ ចិត្រា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។ បានធ្វើតេស្តកូវីដ១៩រួច (អវិជ្ជមាន) និងវត្ថុតាងចាប់យកបាន រួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យមេតំហ្វេតាមីន (ICE) ១កញ្ចប់ធំ ស្មើទម្ងន់៩៩៣,៤៩ក្រាម។
ករណីទី៣៖ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣៖៣០នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរៈសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) ព្រមទាំងមានកាសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច គល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌខណ្ឌទួលគោរក រាជធានីភ្នំពេញ។
ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជា ថៃតាំ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងចាប់យកបាន រួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ១កញ្ចប់ធំ ៣កញ្ចប់តូច ស្មើទម្ងន់១២៩៤,៣៩ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕