(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានលើកទឹកចិត្ត ឲ្យកសិដ្ឋានចិញ្ចឹមត្រីទាំងអស់ ត្រូវបន្តរក្សាខិតខំពង្រឹង និងពង្រីកផលិតកម្មចិញ្ចឹមត្រីបន្ថែម ទាន់ឱកាសមាសមកដល់ ដោយត្រូវសហការជាមួយរដ្ឋបាលជលផល អនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិត ស្វែងរកដៃគូផលិត ភ្ជាប់បណ្តាញទីផ្សារ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន រួមដំណើរជាមួយដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន រដ្ឋបាលជលផល និងមន្រ្តីជំនាញ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm ស្ថិតនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។
លោក ចៅ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋាន បានជម្រាបជូនលោករដ្ឋមន្រ្តីថា កសិដ្ឋានចិញ្ចឹមត្រី ទីឡាព្យា Cambodia Fresh Farm បានបង្កើតនៅឆ្នាំ២០១៧ លើផ្ទៃដីសរុប ៤,៥ហិតា មាន២១ស្រះ។ បច្ចុប្បន្នមានបុគ្គលិកបម្រើការងារពេញម៉ោង នៅក្នុងកសិដ្ឋានចំនួន៤នាក់ ក្នុងនោះ មានបុគ្គលិកជំនាញម្នាក់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។
ក្រៅពីនោះ ពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីទីឡាព្យាសាច់ បង្កាត់កូនត្រីពូជ ពិនិត្យគុណភាពទឹក និងរៀបចំស្រះពីមជ្ឈមមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ខេត្តព្រៃវែង)។ មិនតែប៉ុណ្ណោះ Cambodia Fresh Farm បានប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ដើម្បីលើកកម្ពស់គុណភាពត្រី មានដូចជា ម៉ាស៊ីនលាយទឹកសម្លាប់មេរោគដោយស្វ័យប្រវត្តិ។
ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផងដែរនោះ ធ្វើឲ្យកសិដ្ឋានសម្រេចចិត្តដាក់ ទុនវិនិយោគសាងសង់រោងសិប្បកម្មកែច្នៃផលត្រីសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារទំនើប AEON ភោជនីយដ្ឋាន សណ្ឋាគារផ្សេងៗទៀត ហើយអនាគតគ្រោងនឹងសហការជាមួយអង្គការទស្សនពិភពលោក (World Vision) ក្នុងភាពជាដៃគូភ្ជាប់ជាមួយកសិករចិញ្ចឹមផ្គត់ផ្គង់ឲ្យខ្សែច្រវាក់កែច្នៃ។
ពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹម (ផ្តល់ចំណី) របស់កសិដ្ឋានរួចមក លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់កសិដ្ឋានប្រកាន់យករបរចិញ្ចឹមត្រីទីឡាព្យា ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក ដែលចេះតែមានការកើនឡើងជាលំដាប់។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី បានបង្ហាញឆន្ទៈគាំទ្រ និងលើកទឹកចិត្តឲ្យកសិដ្ឋានត្រូវបន្តរក្សា ខិតខំពង្រឹង និងពង្រីកផលិតកម្មចិញ្ចឹមត្រីបន្ថែម ទាន់ឱកាសមាសមកដល់ ដោយត្រូវសហការជាមួយរដ្ឋបាលជលផលអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិត ស្វែងរកដៃគូផលិត ភ្ជាប់បណ្តាញទីផ្សារ សម្រាប់ការផ្គត់ផ្គង់ឲ្យសិប្បកម្មកែច្នៃ ហើយត្រូវបង្កើនការកែច្នៃផលត្រីស្រស់ សម្រាប់ទីផ្សារក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម និងបង្កើតការងារ។
ករណីនេះ លោករដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនបន្ថែមថា ក្រសួងដែលមានរដ្ឋបាលជលផលជាសេនាធិការ នឹងនៅរង់ចាំផ្តល់កិច្ចសហការទាំងបច្ចេកទេស និងច្បាប់ដើម្បីទទួលបានប្រយោជន៍រួម គឺនិរន្តរភាពនៃការផ្គត់ផ្គង់សមស្របតាមតម្រូវការ និងឈានទៅធ្វើការនាំចេញស្របតាមស្តង់ដាទីផ្សារជប៉ុន នាពេលអនាគត។
ចេញពីកសិដ្ឋាន លោករដ្ឋមន្ត្រី វេង សាខុន រួមដំណើរជាមួយលោក ចៅ សួស្តី បានបន្តដំណើរមកពិនិត្យរោងសិប្បកម្មកែច្នៃផលត្រីស្រស់របស់កសិដ្ឋាន ដែលមានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ចៅ សួស្តី បានឲ្យដឹងថា ការកែច្នៃត្រីទីឡាព្យារបស់ Cambodia Fresh Farm នេះគឺស្ថិតនៅក្នុងដំណាក់កាលសាកល្បង ប៉ុន្តែសិប្បកម្មនេះ នឹងពង្រីកផលិតកម្ម កែច្នៃជាបន្ត បន្ទាប់ ធ្វើយ៉ាងណាឆ្លើយតបឲ្យបានតាមតម្រូវការទីផ្សារ។ បច្ចុប្បន្ន សិប្បកម្មកែច្នៃនេះ ទទួលបានបច្ចេកទេសកែច្នៃផលត្រី ទីឡាព្យាផ្ទាល់ពីអ្នកជំនាញ ជនជាតិជប៉ុន និងសម្ភារកែច្នៃផលត្រីពីក្រុមហ៊ុន SARAYA នៃប្រទេសជប៉ុន។
លោកបន្ថែមថា អនុវត្តតាមបច្ចេកទេសជប៉ុន ត្រី១ក្បាល អាចកែច្នៃបាន១៤ប្រភេទមុខទំនិញ រួមទាំងស្រការត្រី ក៏យកទៅកែច្នៃជាគ្រឿងសម្អាង ប្រមាត់ត្រី ស្បែកត្រី និងឆ្អឹង សូម្បីទឹកលាងសម្អាតត្រី ក៏យកទៅធ្វើជីផងដែរ។
ដោយអនុវត្តតាមស្តង់ដារបច្ចេកទេសចិញ្ចឹមបានត្រឹមត្រូវល្អ ធ្វើឲ្យទីផ្សារជប៉ុនស្វាគមន៍ផលិតផលកែច្នៃត្រីចេញពីកសិដ្ឋាននេះ ជាក់ស្តែងការបញ្ជាទិញមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ គ្រាន់តែ ៥ខែដើមឆ្នាំ២០២១ នេះ កសិដ្ឋានលក់សាច់ត្រីកែច្នៃស្រស់បាន ៧តោន។
ដោយតម្រូវការមានការកើនឡើងទាំងទីផ្សារក្នុងស្រុក (ផ្សារទំនើប AEON-1, AEON-2 ផ្សារ Markro ផ្សារទំនើបនានាក្នុងស្រុក និងភោជនីដ្ឋានជាច្រើនទៀត) កសិដ្ឋាននឹងពង្រីកដើមទុនវិនិយោគក្នុងចំនួនទឹកប្រាក់ ១០លានដុល្លារ ដើម្បីពង្រីកសិប្បកម្មកែច្នៃ ដែលមានសមត្ថភាពអាចបង្កើនបរិមាណត្រីកែច្នៃ សម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។
ទាក់ទងនឹងខ្សែច្រវាក់ផលិតកម្មកែច្នៃ លោករដ្ឋមន្ត្រី បានសម្តែងនូវសុទិដ្ឋិថា នឹងអាចទទួល បានជោគជ័យដោយសារមានការគាំទ្រ ពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:ស្ថានទូត និងអង្គការ JICA និងជាពិសេសទីផ្សារប្រទេសជប៉ុន។
គម្រោងចុះទុនវិនិយោគបន្ថែម១០លានដុល្លារ សម្រាប់ពង្រីកខ្សែច្រវាក់ផលិតកម្មកែច្នៃ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា នាពេលអនាគតដ៏ខ្លី វិស័យវារីវប្បកម្ម (ការចិញ្ចឹមត្រីនិយាយជារួម និងជាពិសេសការចិញ្ចឹមត្រីទីឡាព្យានិយាយ ដោយឡែក នឹងមានការរីកចម្រើនតាមរយៈការចងក្រងបណ្តុំផលិត ការអនុវត្តបច្ចេកទេសចិញ្ចឹម ស្របតាមស្តង់ដារទីផ្សារតម្រូវ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
លោករដ្ឋមន្ត្រី វេង សាខុន បានបន្ថែមថា ម្ហូបជប៉ុន (សាច់ត្រីស្រស់) បានផលិតនៅកម្ពុជា នេះជាជំហានចាប់ផ្តើមថ្មីមួយ ប្រកបទៅដោយការជឿជាក់ និងកិច្ចសហការ គាំទ្រពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសស្ថានទូតជប៉ុន និងអង្គការ JICA សង្ឃឹមថា នាពេលអនាគតខ្សែច្រវាក់ផលិតកម្មចិញ្ចឹម និងផលិតកម្មកែច្នៃ នឹងមានការរីកចម្រើនទ្វេឡើង ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក ហើយឈានទៅធ្វើការនាំចេញ។
លោក ចៅ សួស្តី បានបង្ហាញពីមោទកភាពក្នុងនាមជាកូនខ្មែរ ផលិតផលិតផលខ្មែរសម្រាប់ទីផ្សារជប៉ុន និងបានផ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោករដ្ឋមន្រ្តី រដ្ឋបាលជលផល មជ្ឈមមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ខេត្តព្រៃវែង) និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានយក អស់កំលាំងកាយចិត្ត គាំទ្រសហការគ្រប់បែបយ៉ាង ធ្វើឲ្យកសិដ្ឋាន ក៏ដូចជាសិប្បកម្មកែច្នៃបានទទួលជោគជ័យនាពេលនេះ៕