(ភ្នំពេញ)៖ នៅក្នុងស្មារតីគិតគូរ ដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនបោះបង់នរណាម្នាក់, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលត្រូវបានអភិវឌ្ឍ ក្រោមការដឹកនាំ និងចង្អុលបង្ហាញ ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន បានដាក់ចេញនូវកម្មវិធី ជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមជាបន្តបន្ទាប់។
ជាក់ស្តែង ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ កម្ពុជាបានរក្សាទុកនូវរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ សម្រាប់ផ្ដល់ការគាំពារ ដល់បងប្អូនកម្មករនិយោជិតនានា បើទោះជាពួកគាត់ត្រូវបានព្យួរកិច្ចសន្យាការងារ ដោយសារតែសកម្មភាព របស់រោងចក្រសហគ្រាស បាននិងកំពុងទទួលរងឥទ្ធិពលអវិជ្ជមាន ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយមិនអាចដំណើរការសកម្មភាព និងអាជីវកម្ម ជាប្រក្រតីក៏ដោយ, រាជរដ្ឋាភិបាល ក៏បានផ្ដល់ការឧបត្ថម្ភប្រចាំខែ ដល់កម្មករនិយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ និងដែលមិនទទួលបានប្រាក់ឈ្នួលពលកម្ម ផងដែរ។
ក្នុងទិដ្ឋភាពជំនួយសង្គមវិញ, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋក្រីក្រ និងគ្រួសារដែលមានសមាជិក ស្ថិតនៅក្នុងភាពងាយរងគ្រោះ រួមមានស្ត្រីមានផ្ទៃពោះ និងកុមារមានអាយុពី០-៥ឆ្នាំ, ចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង, ប្រជាពលរដ្ឋដែលមានពិការភាព និងអ្នកដែលរស់នៅជាមួយមេរោគអេដស៍ បានទទួលនូវការគាំពារ ពីកម្មវិធីជំនួយសង្គមពិសេសពីរាជរដ្ឋាភិបាល ជាបន្តបន្ទាប់។
បន្ថែមលើនេះ កម្មវិធីថ្មីមួយទៀត ត្រូវបានរៀបចំឡើងដើម្បីបំពេញឲ្យកម្មវិធីដែលមានស្រាប់នោះគឺ «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១»។
កម្មវិធីថ្មីនេះ ផ្តោតលើប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅ ដែលមិនទទួលបាននូវការគាំពារ ពីកម្មវិធី ឬរបបនានាដែលមានស្រាប់នោះ គឺប្រជាពលរដ្ឋ ដែលមិនស្ថិតនៅក្នុងភាពក្រីក្រទេ ប៉ុន្តែដោយសារតែការអនុវត្តវិធានការបិទខ្ទប់, សមាជិកគ្រួសារមានភាពវិជ្ជមាន ឬស្លាប់ដោយសារជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ដោយសារការបាត់បង់ប្រាក់ចំណូលដែលធ្លាប់ទទួលបានពីសកម្មភាពប្រចាំថ្ងៃ។
កម្មវិធីនេះ ត្រូវបានប្រកាសឲ្យចាប់ផ្តើមគិតគូរអនុវត្ត កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដែលរហូតដល់ពេលនេះ ដំណាក់កាលនៃការកំណត់អត្តសញ្ញាណ ជំហានដំបូងត្រូវបានបញ្ចប់ ហើយការចាប់ផ្តើមបើកផ្តល់ ត្រូវបានប្រកាសតាមរយៈសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីម្សិលមិញ។
បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងដូច្នេះ នៅក្នុងសន្និសិទសារ ព័ត៌មាន ស្តីពី «យន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់គ្រួសារមានការលំបាកផ្នែកជីវភាព, គ្រួសារដែលមាន អ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» ដែលប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕