(កំពង់ឆ្នាំង)៖ បុរសម្នាក់បានស្លាប់កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះសពតែម្តង ក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បន្ទាប់មកត្រូវបានក្រុមគ្រូពេទ្យពិនិត្យសំណាកតាមឧបករណ៍រហ័សជាបឋម ក៏រកឃើញវិជ្ជមានកូវីដ១៩។
សពជនរងគ្រោះឈ្មោះ ហួត សម្បត្តិ អាយុ៥៧ឆ្នាំ មានមុខរបររត់តាក់ស៊ី ប្រពន្ធឈ្មោះ គៀង ណៃ អាយុ៥៧ឆ្នាំ មានកូន២នាក់ មានទីលំនៅក្នុងភូមិឃុំខាងលើ។
លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ថា សពជនរងគ្រោះបានស្លាប់នៅវេលាព្រឹកថ្ងៃទី១០ ខែមិថុនានេះ។
មុនពេលស្លាប់ជនរងគ្រោះ មានអាការៈជំងឺធ្ងន់ធ្ងរ ក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីដឹកយកទៅធ្វើការជួយសង្គ្រោះ។ ប៉ុន្តែខាងរថយន្តពេទ្យមិនទាន់មកដល់ផង ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅនឹងផ្ទះតែម្តង។
លោកវរសេនីយ៍ឯកបានបន្តថា បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យសំណាកទៅលើកសពជនរងគ្រោះជាបឋមរកឃើញថា សពជនរងគ្រោះមានវិជ្ជមានកូវីដ-១៩ ខណៈនោះដែរក្រុមគ្រូពេទ្យក៏បានពិនិត្យសំណាក ទៅលើប្រពន្ធ និងកូន២នាក់របស់សពលើកទីមួយលទ្ធផលអវិជ្ជមានទាំងអស់។ សពជនរងគ្រោះត្រូវបានដឹកយកទៅបូជានៅទីតាំងបូជាសពថ្មី ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អាជ្ញាធរបានបញ្ជាក់ផងដែរថា សពជនរងគ្រោះមួយរយៈមុនស្លាប់ប៉ុន្មានថ្ងៃ គាត់ចេះតែពោលប្រាប់ថារូបគាត់មានអាការៈឈឺសាច់ដុំ និងអស់កម្លាំងហេវហត់ តែមិនបានឈប់សម្រាកនោះទេ គឺគាត់នៅតែបន្តរត់ តាក់ស៊ីរហូតដល់មុនថ្ងៃស្លាប់១ថ្ងៃ៕