(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចកំណត់តំបន់ក្រហម លើភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
ការសម្រេចកំណត់តំបន់ក្រហមនេះ ក្រោយការរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ និងដោយករណីនេះ មានការទំនាក់ទំនងស្មុគស្មាញ ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែមិថុនានេះ បញ្ជាក់ថា ឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាកូនរបស់ ឈ្មោះ ឃន់ ឃាន ដែលបម្រើការងារជាបុគ្គលិកបើកបរ រថយន្តនៅធនាគារអេស៉ីលីដាសាខាសូទ្រនិគម និងភរិយា ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រុមការងារបានចុះស្រាវជ្រាវ និងរកឃើញថា ករណីការចម្លងជំងឺកូវីដ-១៩នេះ ទៅក្រុមគ្រួសារ គឺមានប្រភពពីកូនប្រុស ឈ្មោះ ឃាន សុឃួច។
ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានបញ្ជាក់អំពីទីតាំងមួយចំនួន ដែលឈ្មោះ ឃាន សុឃួច បានទំនាក់ទំនង រួមមាន៖
* ថ្ងៃទី៣១-ឧសភា-២០២១ បាននាំគ្នាទៅហូបបាយជាមួយមិត្តភ័ក្រ្តចំនួន០៦នាក់ នៅហាងពិភពធម្មជាតិ និងបានជួបជាមួយបុគ្គលិកហាង ៦នាក់ ដែលលើកម្ហូបនិងបាយទឹក។
* ថ្ងៃទី០២-មិថុនា-២០២១ ពេលព្រឹកបានបើករថយន្តជូនឈ្មោះ យួម ស៊ីណាត និងឈ្មោះ រ៉ុង ធីរ៉ាត់(វិជ្ជមានជំងឺកូវីដ-១៩) ទៅធនាគារជាតិនៃកម្ពុជាសាខាខេត្តសៀមរាប នៅជិតផ្សារចាស់ ពេលមកដល់ឈ្មោះ ឃាន សុឃួច បានជួយលើកកេសឯកសារ ចូលទៅក្នុងធនាគារមួយភ្លេត ហើយចេញមកអង្គុយចាំអ្នកទាំងពីរនាក់ ក្នុងរថយន្តវិញ។
* ថ្ងៃទី០៣-មិថុនា-២០២១ ពេលព្រឹកធ្វើការនៅធនាគារ ហើយពេលល្ងាចត្រឡប់មកផ្ទះ នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ដើម្បីមកមើលឪពុកឈឺ ហើយក៏បានស្នាក់នៅជុំគ្នាជាមួយក្រុមគ្រួសារ។
* ថ្ងៃទី០៥-មិថុនា-២០២១ ពេលព្រឹកបានមកហូបលតឆា នៅខាងក្រោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត រយៈពេល១០នាទី រួចបានចេញទៅតារាងបាល់ទះឈ្មោះ ឆាន់ នី នៅភូមិគោកដូង សង្កាត់ទឹកវិល លេងបាល់រយៈពេល០២ម៉ោង ជាមួយដៃគូលេងបាល់ចំនួន០៧នាក់ផ្សេងទៀតបន្ទាប់មកក៏បានត្រឡប់ទៅផ្ទះវិញ។
* ថ្ងៃទី០៧-មិថុនា-២០២១ ពេលល្ងាចបានរៀបចំសូត្រមន្តឲ្យឪពុកនៅផ្ទះ ដោយមានអ្នកចូលរួមប្រហែលជាង១០នាក់ ប៉ុន្តែឈ្មោះ ឃាន សុឃួច និងឈ្មោះ អឿម សុផាន់ណា មិនបានចូលរួមទេ ដោយសារមានអាការៈមិនស្រួលខ្លួន។
* ថ្ងៃទី០៩-មិថុនា-២០២១ ពេលព្រឹក បានទៅទិញថ្នាំ នៅឱសថស្ថានសុវណ្ណវីរៈសិទ្ធ (មិនបានចូលក្នុង)ហើយត្រឡប់ទៅផ្ទះវិញ។
បន្ទាប់មកបានជិះម៉ូតូមកយកសំណាកជាមួយប្រពន្ធ ដើម្បីធ្វើតេស្តស្រាវជ្រាវរកមេរោគកូវីដ-១៩ និងទទួលបានលទ្ធផលវិជ្ជមានទាំង០២នាក់។
រដ្ឋបាលខេត្តសៀមរាប អំពាវនាវថា ចំពោះប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលអ្នកវិជ្ជមានបានមានទំនាក់ទំនងចាប់ពីកាលបរិច្ចេទនៃទីតាំងនីមួយៗ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕