(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងក្រុមការងារចុះជួយស្រុកព្រះស្តេច ខេត្តព្រៃវែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
លោក ជា សុមេធី បានថ្លែងថា គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប៧៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣១៣នាក់ កំពុងសំរាកព្យាបាល៤៦១នាក់ និងស្លាប់៨នាក់។
លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត របស់ក្រុមគ្រូពេទ្យក្នុងការប្ដូរជីវិត លះបង់គ្រួសារ ដើម្បីពុះពារខិតខំក្នុងការព្យាបាលជំងឺដ៏កាចសាហាវ ដែលកំពុងតែ រាតត្បាត នៅលើពិភពលោកក៏ដូចជានៅប្រទេសកម្ពុជា។
លោកអភិបាលខេត្ត សូមផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ មិនត្រូវមានការបាក់ទឹកចិត្តក្នុងការព្យាបាលនៃជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋយើងនោះទេ ហើយប្រសិនបើមានបញ្ហា ឬតម្រូវការចាំបាច់ណាមួយ ដែលត្រូវរាយការណ៍ដល់ខេត្ត លោកនឹងទទួលស្វាគមន៍គ្រប់ពេលវេលា។
លោកអភិបាលខេត្ត សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេចទាំងអស់ ត្រូវថែទាំសុខភាពដោយខ្លួនឯងឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវហូបឲ្យបានគ្រប់គ្រាន់។
លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច និងលោក អ៊ុង ចាន់ធឿន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្ដេច សូមថ្លែងអំណរអរគុណលោកអភិបាលខេត្ត ដែលបានអញ្ជើញចុះសួរសុខទុក្ខ ក្នុងការលើកទឹកចិត្តដល់ក្រុមទាហានឈុតស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ១៩នេះ៕