(ភ្នំពេញ)៖ លោក កែវ ភួន អ្នកសម្របសម្រួល និងជាប្រធានយុវជន ស.ស.យ.ក សង្កាត់ឫស្សីកែវ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ដូសទី២) តាមផែនការសរុបចំនួន៥៤៧០នាក់ តែប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងជាក់ស្ដែងសម្រាប់ដូសទី២ ទើបតែមានចំនួន១៤៤៨នាក់ប៉ុណ្ណោះ ស្ថិតនៅមណ្ឌលចាក់វ៉ាក់សាំងវត្តឧត្តរាត្តី ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បើគិតត្រឹមថ្ងៃទី០៩ ដល់រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
តំណាងឱ្យលោក មូល វិរៈ ចៅសង្កាត់ឫស្សីកែវ, លោក កែវ ភួន សូមអំពាវនាវដល់បង-ប្អូនប្រជាពលរដ្ឋ ចំនួន៤០២២នាក់ទៀត ដែលនៅសេសសល់ សូមអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងមណ្ឌលចាក់វ៉ាក់សាំង វត្តឧត្តរាត្តី ដោយត្រូវភ្ជាប់មកជាមួយប័ណ្ណចាក់វ៉ាក់សាំងលើកទី២ ដែលមានកាលបរិឆ្ឆេទរួច និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ឬលិខិតឆ្លងដែន (Passport) ជាដើម។
អ្នកសម្របសម្រួល និងជាប្រធានយុវជន សសយក សង្កាត់ឫស្សីកែវរូបនេះ ក៏សូមសំណូមពរឱ្យប្រជាពលរដ្ឋ នៅពេលមកទទួលការចាក់វ៉ាក់សាំង សូមអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងស្ដាប់តាមការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីឈានដល់ការកាត់ផ្ដាច់នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ «សហគមន៍២០កុម្ភៈ»៕