(ភ្នំពេញ)៖ «សម្ព័ន្ធមិត្តដែកថែបកម្ពុជា-ចិន» ឆ្លងកាត់រយៈពេលជាង៦០ឆ្នាំទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ ក្នុងអំឡុងពេលសាធារណរដ្ឋប្រជាមានិតចិន ប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្ត ប្រទេសសម្ព័ន្ធមិត្តទាំងឡាយ បានផ្ញើការជូនពរយ៉ាងកក់ក្តៅជូនប្រទេសចិន។
រំលឹកទៅមើលប្រវត្តិនៃការបង្កើតសម្ព័ន្ធមិត្តភាពកម្ពុជា-ចិន ឆ្លងកាត់ព្យុះភ្លៀងអស់រយៈកាល៦៣ឆ្នាំ ហេតុអ្វីមិត្តភាពនៃទាំងពីរប្រទេសមិនថមថយ នៅតែបន្តយូអង្វែងគ្មានថ្ងៃបញ្ចប់បែបនេះ? ចាប់ផ្តើមពីការជឿទុកចិត្តគ្នាផ្នែកនយោបាយនៅដំណាក់កាលដំបូងនៃការស្តារប្រទេស រហូតដល់កិច្ចសហប្រតិបត្តិការស៉ីជម្រៅនៃផ្លូវមួយខ្សែក្រវាត់មួយ រួចបន្តមកដល់ការជួយសង្គ្រោះគ្នាក្នុងគ្រាអាសន្ននៃការរាតត្បាតជំងឺកូវីដ១៩ តើមិត្តភាពកម្ពុជា-ចិនបានឆ្លងកាត់ការដកពិសោធន៍ប្រវតិ្តសាស្ត្របែបណាខ្លះ?
* មិត្តភាពកម្ពុជា-ចិននៅក្នុងសៀវភៅប្រវត្តិសាស្ត្រ
ក្នុងសៀវភៅប្រពៃណីអ្នកស្រុកចេនឡា ដែលជាកំណត់ហេតុប្រវត្តិសាស្ត្ររបស់ ជីវ តាក្វាន់ បានលើកឡើងថា ជនជាតិចិនដែលមកដល់ប្រទេសកម្ពុជាដំបូងបំផុត មានមុខរបរជាអ្នកជំនួញជួញដូរ រស់នៅតាមដងទន្លេមេគង្គ។ ពីបុរាណកាលមក ប្រទេសកម្ពុជា និងប្រទេសចិនរក្សាសម្ព័ន្ធមិត្តមេត្រីភាព និងជួយគ្នាទៅវិញទៅមក។
ក្នុងកិច្ចប្រជុំក្រុងបានឡុង ប្រទេសឥណ្ឌូនេស៉ី ឆ្នាំ១៩៥៥ លោក ជូ អិនឡាយ នាយករដ្ឋមន្ត្រីចិន បានជួបជាមួយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ លើកដំបូង ដែលជាឱកាសបង្កើតសម្ព័ន្ធមិត្តភាពរវាងកម្ពុជា និងចិន។ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាសកម្មជនលេចធ្លោលើឆាកអន្តរជាតិ ដោយលោក ជូ អិនឡាយ បានបញ្ជូនសារនានារបស់ប្រទេសចិនទៅកាន់ពិភពលោក តាមរយៈព្រះអង្គផងដែរ។ ទន្ទឹមគ្នានេះ ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ក៏បានប្រកាសគោលជំហជាសាធារណៈគាំទ្រប្រទេសចិនជាច្រើនលើកច្រើនសារ កម្ពុជាចងសម្ព័ន្ធមិត្តដ៍ជ្រាលជ្រៅជាមួយប្រទេសចិន និងថ្នាក់ដឹកនាំចិន។
ចាប់តាំងពីឆ្នាំ១៩៥៦ ប្រទេសចិនចាប់ផ្តើមផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចជូនកម្ពុជា ផ្តល់ជាសម្ភារៈ គ្រឿងបរិក្ខា ផលិតផលផ្សេងៗ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាជំនួយឥតសំណង។ ប្រទេសកម្ពុជាបានក្លាយជាប្រទេសទីមួយ ត្រូវបានប្រទេសចិនផ្តល់ជំនួយឥតសំណង ដែលមិនមែនជាប្រទេសលិទ្ធិសង្គមនិយម។ ដូចគ្នាដែរ ប្រទេសកម្ពុជាគាំទ្រអង្គការសហប្រជាជាតិ ទទួលយកសាធារណរដ្ឋប្រជាមានិតចិនជាសមាជិក ដោយប្រឆាំងនឹងទង្វើ «ប្រទេសចិនពីរ»។
នៅខែមេសា ឆ្នាំ១៩៦៥ ការទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកបានធ្លាក់ចុះ។ នៅដើមខែមេសា ក្រុមហ៊ុនទស្សនាវដ្តីមួយរបស់អាមេរិក បានចុះផ្សាយអត្ថបទរិះគន់ចំពោះព្រះរាជមាតារបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ហើយនៅចុងខែ យន្តហោះកងទ័ពអាមេរិកបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ទម្លាក់គ្រាប់បែកបំផ្លាញភូមិស្រុកប្រទេសកម្ពុជា បណ្តាលឲ្យប្រជាជនជាច្រើនស្លាប់និងរងរបួស។ សម្តេច សីហនុ ទ្រង់ព្រះទ័យខ្ញាល់ជាខ្លាំង បានផ្តាច់ទំនាក់ទំនងជាមួយអាមេរិកនាខែឧសភា។
ពាក់កណ្តាលទសវត្ស ៦០ នៃសតវត្សទី ២០ បណ្តាប្រទេសអាស៉ីអាគ្នេយ៍ ដូចជាកម្ពុជា វៀតណាម ទទួលរងសម្ពាធផ្នែកយោធាយ៉ាងខ្លាំងពីប្រទេសអាមេរិក ពេលនោះប្រទេសចិនបានប្តេជ្ញាគោលជំហរ មិនត្រឹមតែផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងយោធាដល់កម្ពុជានោះទេ ថែមទាំងផ្តល់នូវការធានាសុវត្ថិភាពបន្ថែមទៀត នេះជាទិដ្ឋភាពដ៏កម្រមួយក្នុងប្រវត្តិទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសមិនមែនជាលិទ្ធិសង្គមនិយម ក៏ជាសក្ខីភាពប្រវត្តិសាស្ត្រសំរាប់ទំនាក់ទំនងកម្ពុជា-ចិន បីដូចជា មិត្តរួមប្រយុទ្ធ ដៃគូរសហការ និងមិត្តភក្តិចាស់។
* ឆ្នាំ២០២០ គ្រោះហានិភ័យនៃជំងឺកូវីដ១៩
ក្នុងក្នុងគ្រាអាសន្នជំងឺកូវីដ១៩ រយៈមួយឆ្នាំនេះ ប្រទេសកម្ពុជា និងប្រទេសចិន បានរួមសុខរួមទុក្ខជាមួយគ្នា ធ្វើឲ្យប្រជាជនប្រទេសទាំងពីរ យល់ច្បាស់ពីសម្ព័ន្ធភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងចិន ដូចបានចារក្នុងប្រវត្តិសាស្ត្រ។ នៅពេលប្រទេសចិន កើតមានជំងឺរាតត្បាតកូវីដ១៩ ព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះមហាក្សត្រី បានផ្តល់បរិច្ចាគថវិកា និងសម្ភារៈវត្ថុដោយក្តីសប្បុរសធម៌។ ស្របពេលដែលប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យ៉ាងលំបាកបំផុត សម្តេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុនសែន បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់ភាគីចិន។ នៅពេលកម្ពុជាកើតមានជំងឺកូវីដ១៩ផ្ទុះឡើង ភាគីចិនបានចាត់បញ្ជូនក្រុមវេជ្ជបណ្ឌិតជំនាញមកប្រទេសកម្ពុជា ចែករំលែកបទពិសោធន៍ការពារ និងព្យាបាលជំងឺ ជំនួយសម្ភារៈបរិក្ខាការពារ និងជំនួយជាថវិកាផងដែរ។
នៅចុងខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានផ្ទុះឡើងវិញនូវជំងឺកូវីដ១៩។ ប្រឈមមុខនឹងការគំរាមកំហែងនៃស្ថានភាពជំងឺកូវីដ១៩ ប្រទេសចិនជាប្រទេសដំបូងគេបង្អស់ ដែលបានផ្តល់វ៉ាក់សាំងជូនប្រទេសកម្ពុជា ដើម្បីជំរុញពន្លឿនការចាក់វ៉ាក់សាំង។ ទោះបីប្រទេសខ្លួន មានកង្វះខាតផ្គត់ផ្គង់វ៉ាក់សាំងក៏ដោយ រដ្ឋាភិបាលចិននៅតែផ្តល់វ៉ាក់សាំងកូវីដ១៩ ជាលើកដំបូងនៅថ្ងៃទី៧ ខែកុម្ភៈ ចំនួន ៦សែនដូស ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន។ នេះជាវ៉ាក់សាំងកូវីដ១៩ ដំបូងបង្អស់ ដែលកម្ពុជាទទួលបាន ហើយកម្ពុជាក៏បានក្លាយជាប្រទេសដំបូងគេបំផុតក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលបានទទួលចាក់វ៉ាក់សាំងកូវីដ១៩។
រហូតមកដល់ពេលបច្ចុប្បន្ន ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ៦លានជាងដូស ក្នុងនោះរួមមាន វ៉ាក់សាំងស៉ីណូហ្វាម របស់ប្រទេសចិន ២លាន២សែនដូស វ៉ាក់សាំងស៉ីណូវ៉ាក់ របស់ប្រទេសចិន៤លាន ៥សែនដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនេកាចំនួន ៣សែន២ម៉ឺន៤ពាន់ដូស ដែលផ្តល់ដោយអង្គការសុខភាពពិភពលោក។ វ៉ាក់សាំងចិន បានក្លាយជាអាវុធសំខាន់បំផុតសំរាប់កម្ពុជា ក្នុងការបង្កើតប្រព័ន្ធភាពស៊ាំការពារកូវីដ១៩។ មកទល់ពេលនេះ ប្រទេសកម្ពុជាមានប្រជាជន២លាន៣សែននាក់ទៅហើយ ដែលបានចាក់វ៉ាក់សាំងប្រទេសចិន។ វ៉ាក់សាំងកូវីដ១៩ របស់កម្ពុជាមួយភាគធំ គឺមកពីប្រទេសចិន ការគាំទ្រដ៏ធំធេងរបស់ភាគីចិនចំពោះកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងកូវីដ គឺធ្វើឲ្យយើងមិនអាចបំភ្លេចបាន និងគួឲ្យកោតស្ងប់ស្ញែង។
«ប្រទេសកម្ពុជានិងចិនរួមគ្នាប្រឆាំងទប់ស្កាត់ជំងឺកូវីដ បានបង្ហាញយ៉ាងច្បាស់ថាមិត្តភាព និងជំនឿទុកចិត្តរវាងប្រទេសទាំងពីរ គឺរឹងមាំមិនអាចបំបែកបានឡើយ»។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។
* កូវីដ១៩ មិនអាចរារាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនឡើយ
ការផ្ទុះឡើងភ្លាមៗនៃស្ថានភាពជំងឺកូវីដ១៩ នាដើមឆ្នាំ២០២០ ធ្វើឲ្យផែនការដែលបានរៀបចំរួចមានការប្រែប្រួល។ ប៉ុន្តែភាគីទាំងពីរនៅតែបន្តពុះពាររាល់ឧបសគ្គ ខិតខំសម្រេចបានការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារ ស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ ភាគីចិនបានធ្វើការពិនិត្យអនុម័តទៅលើចំការស្វាយ និងរោងចក្រវេចខ្ចប់ដែលប្រកាសស្នើចុះបញ្ជី ដោយធ្វើឡើងតាមរយៈវីដេអូខល។ ថ្ងៃទី២៦ ខែមេសា អគ្គនាយកដ្ឋានរដ្ឋាករគយប្រទេសចិន បានប្រកាសជាផ្លូវការចំពោះបញ្ជីឈ្មោះចំការស្វាយចំនួន៣៧ ដែលបញ្ជូនស្វាយកម្ពុជាចេញទៅប្រទេសចិន និងរោងចក្រវេចខ្ចប់ចំនួន៥។
មកដល់ពេលនេះ ផ្លែស្វាយកម្ពុជាបានក្លាយជាផ្លែឈើស្រស់ទីពីរបន្ទាប់ពីផ្លែចេក ដែលអាចនាំចេញជាផ្លូវការទៅប្រទេសចិនដោយផ្ទាល់។ ថ្ងៃទី២១ ខែឧសភា ផ្លែស្វាយកម្ពុជាដំបូងបានទៅដល់ខេត្តក្វាងស៉ីប្រទេសចិនដោយរលូន។
លោកបណ្ឌិត ឈៀង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៉ីបានលើកឡើងថា ការសម្រេចបាននាំចេញទៅប្រទេសចិន និងជួយដល់ការអភិវឌ្ឍវិស័យផលិតផលផ្លែស្វាយកម្ពុជា បន្ថែមផលចំណូលដល់កសិករកម្ពុជា វាបង្ហាញពីសារៈសំខាន់ក្នុងកំលុងពេលវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីស្ថានភាពកូវីដ១៩។
លោកបន្តថា៖ «នេះជាវិធានការចាំបាច់មួយដែលប្រទេសចិន ជួយស្តាសេដ្ឋកិច្ចកម្ពុជាក្រោយជំងឺកូវីដ។ វិស័យកសិកម្ម និងវិស័យកែឆ្នៃកសិផល គឺជាវិស័យសំខាន់បំផុតដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជា។ យើងខ្ញុំសង្ឃឹមថាសហគ្រាសចិនកាន់តែច្រើនមកកាន់កម្ពុជាដើម្បីវិនិយោគលើវិស័យពាក់ព័ន្ធ»។
រយៈពេល ៦៣ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងសមិទ្ធិផលជាច្រើនសន្ធឹកសន្ធាប់បានបង្ហាញតាមគ្រប់ទម្រង់រូបភាព។ យើងមានភាសាពីរ តែបេះដូងតែមួយ។ ចាប់ពីថ្នាក់ដឹកនាំដល់ប្រជាជននៃប្រទេសទាំងពីរ មនោសញ្ចេតនានៃមិត្តភាពដែកថែបនៅតែបន្តទៅមុខរហូត។
* ទស្សនៈរបស់ថ្នាក់ដឹកនាំចំពោះសម្ព័ន្ធមិត្តភាពកម្ពុជា-ចិន
ប្រទេសចិនបានផ្តល់ជំនួយដល់យើងខ្ញុំជាច្រើន ដោយសប្បុរស ដូចបងប្អូន គ្មានលក្ខខណ្ឌ និងគ្រប់រូបភាព ធ្វើឲ្យយើងទទួលបានការជោគជ័យ ជាប្រវត្តិសាស្ត្រ។ ខ្ញុំ ព្រះករុណា ជឿជាក់ថា តទៅមុខប្រទេសចិននៅតែជាអ្នកគាំទ្រសំខាន់ជាងគេសំរាប់ប្រទេសកម្ពុជាយើង! ព្រះបន្ទូល របស់ព្រះបរមរតនកោដ្ឋនរោត្តមសីហនុ ថ្លែងអំណរគុណប្រទេសចិននៅពេលចាកចេញនាឆ្នាំ១៩៧៥។
យើងមានមោទនភាពក្រៃលែងដែលស្គាល់រាប់អានជាមួយថ្នាក់ដឹកនាំប្រទេសចិនគ្រប់អណត្តិ និងមានចំណងមិត្តភាពពិសេសនឹងគ្នាផងដែរ។ ព្រះសុវណ្ណី របស់ព្រះមហាក្សត្រី សីហមុនីនាថ នៅក្នុងដំណើរទស្សនកិច្ចប្រទេសចិន កាលពីឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន នៅក្នុងអង្គសន្និសីទអន្តរជាតិលើកទី២៦ តាមប្រព័ន្ធអនឡាញស្តីពី អនាគតរបស់អាស៉ី ក្រោមប្រធានបទ ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ បានមានប្រសាសន៍ថា៖ បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា? ទុកឱ្យប្រជាជនកម្ពុជាឆ្លងទន្លេឆ្លងព្រែកដោយជិះទូកដរ ដោយឆ្លងស្ពានឫស្សី ឬឈើ ប្រកបដោយគ្រោះថ្នាក់ដោយគ្មានផ្លូវដើរឬយ៉ាងណា? នៅក្រោមជំនួយរបស់ប្រទេសចិន ទើបកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធច្រើនយ៉ាងនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពជា កាលពីឆ្នាំ២០២១ ឆ្លើយតបបទសម្ភាសន៍អ្នកសារព័ត៌មាន អំពីសំនួរពាក់ព័ន្ធកំពង់ផែតំបន់រាម បានមានប្រសាសន៍ថា៖ ប្រទេសចិនក្នុងនាមជាមិត្តដែកថែបជួយប្រទេសកម្ពុជាសាងសង់កំពង់ផែតំបន់រាមឲ្យមានលក្ខណៈធំទូលាយ និងកាន់តែទំនើបជាងមុន ហើយជំនួយសាងសង់ពុំមានលក្ខខណ្ឌភ្ជាប់បន្ថែមដូចមហាអំណាចដទៃទេ។ ប្រទេសចិន ក្នុងនាមជាដៃគូរសហប្រតិបត្តិការផ្តល់ជំនួយសាងសង់ឥតលក្ខខណ្ឌដល់ប្រទេសកម្ពុជា ជាការបរិច្ចាគមួយយ៉ាងធំសំរាប់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឆ្នាំ១៩៧៥ នៅពេលព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ លាលោក ម៉ៅ សេទុង មុនពេលមាតុភូមិនិវត្តន៍ លោក ម៉ៅ សេទុង ជាប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា៖ ខ្ញុំពិតជាមិននឹកស្មានថាលឿនយ៉ាងនេះសោះ ត្រឹមតែរយៈ១ខែ៥ឆ្នាំ អស់លោកក៏ទទួលបានជោគជ័យទៅហើយ។ រួចចង្អុលទៅកាន់លោក ខៀវ សំផន និយាយត្រង់ៗថា៖ លោកមកពីក្រុងភ្នំពេញមែនទេ? មកទទួលសម្តេចទាំងពីរអង្គត្រឡប់ទៅវិញមែនទេ? អស់លោកត្រូវខិតខំជួយព្រះអង្គ ជម្លោះតែងតែអាចមាន ឈ្លោះតិចតួចតែសាមគ្គីជាធំ។ បើសិនជា អស់លោកធ្វើមិនល្អចំពោះព្រះអង្គ សូមព្រះអង្គត្រឡប់មកប្រទេសចិនវិញ យើងខ្ញុំស្វាគមន៍ព្រះអង្គយ៉ាងកក់ក្តៅ។
ឆ្នាំ១៩៦៤ នៅពេលទទួលជួបគណៈប្រតិភូរដ្ឋសភាជាតិកម្ពុជា លោកជូ អេនឡាយ ជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា៖ ប្រជាជនចិនសូមសំដែងការស្វាគមន៍ជាពិសេសចំពោះអស់លោក ដែលបានអញ្ជើញមកលើកនេះ។ ដោយសារក្រោមការដឹកនាំផ្ទាល់របស់សម្តេច ប្រជាជាតិរបស់លោកឯករាជ្យរីកចម្រើន គួរឲ្យគោរពស្ងប់ស្ងែង។ យើងទាំងអស់គ្នាជាមិត្តល្អស្រាប់ហើយ ឥលូវនេះយើងកាន់តែស្និទស្នាលបន្ថែមទៀត។
លោក ស៉ី ជីនពីន ប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៦ ប្រារព្ធពិធីជំនួបសំណេះសំណាលជាមួយសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសាលប្រជាមានិតចិន។ លោកមានប្រសាសន៍ាថា៖ កម្ពុជា-ចិន គឺជាអ្នកជិតខាង ដែលមានមនោសញ្ចេតនា ស្និទស្នាលជ្រាលជ្រៅ ក៏ជាមិត្តភក្តិល្អចិត្តថ្លើមស្មោះស្ម័គ្រនឹងគ្នា។ ភាគីចិន យកចិត្តទុកដាក់ ថែរក្សាសម្ព័ន្ធមិត្តភាព ដ៏វិសេសវិសាលជាមួយរាជវង្សកម្ពុជា ផ្តោតសំខាន់លើការអភិវឌ្ឍសម្ព័ន្ធភាពកម្ពុជា គាំទ្រភាគីកម្ពុជា ដើរលើមាគ៌ាអភិវឌ្ឍដែលសមស្របនឹងស្ថានការណ៍ប្រទេសជាតិ។ សង្ឃឹមថាថ្នាក់ដឹកនាំប្រទេសទាំងពីរ បន្តរការប្រាស្រ័យទាក់ទងទៅមកដូចបងប្អូនសាច់ញាតិ។
លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលធ្វើទស្សនកិច្ចនៅកម្ពុជានាឆ្នាំ២០១៨ បានមានប្រសាសន៍ថា៖ កម្ពុជានិងចិនជាមិត្តជិតខាង មិត្តភាពជាប្រពៃណីជ្រាលជ្រៅ។ ពីដើមមក ប្រទេសចិនគោរពគាំទ្របូរណភាព និងឯករាជ្យភាពរបស់កម្ពុជា ប្រកាន់ជំហរគាំទ្រកម្ពុជាដើរលើមាគ៌ាអភិវឌ្ឍ ដែលសមស្របនឹងស្ថានការណ៍ប្រទេសជាតិ។ ភាគីចិនស្ម័គ្រចិត្តរួមគ្នាជាមួយកម្ពុជាតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍកាន់តែប្រសើរ ដោយយកឱកាសរួមគ្នាបង្កើតគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ ក្តាប់ឲ្យបានផលិតភាពនិងវិនិយោគសហប្រតិបត្តិការលើគម្រោងសំខាន់ៗ។
* ទស្សនៈប្រជាជនកម្ពុជាចំពោះប្រទេសចិន
ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩រវាងកម្ពុជា-ចិន មានទិដ្ឋភាពគួរឲ្យរំជួលចិត្តជាច្រើន។
នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ាសក្តីស្រឡាញ់ចំនួន៥០២១ ដែលស្ម័គ្រចិត្តបរិច្ចាគដោយក្រុមគ្រួសារកុមារកម្ពុជា ដែលជាសះស្បើយជំងឺបេះដូងពីកំណើតសរុប ៨៦គ្រួសារ បានបញ្ជូនដល់ទីក្រុងឃុនមិញឋ ប្រទេស។
ម្តាយកុមារកម្ពុជា ម្នាក់បាននិយាយទាំងក្តុកក្តួលថា៖ គឺគ្រូពេទ្យមកពីយូណាន បានជួយសង្គ្រោះកូនរបស់ខ្ញុំ សង្ឃឹមថាម៉ាសទាំងនេះ អាចជួយពួកគាត់ឆ្លងផុតគ្រាលំបាកនេះចុះ។ នេះជាការតភ្ជាប់ក្តីស្រឡាញ់ឆ្លងប្រទេស បង្ហាញចេញនូវមនោសញ្ចេតនាស្មោះស្ម័គ្ររបស់ប្រជាជាតិទាំងពីរ។
លោក ប៊ុន ផាក ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនខេម៉ាហ្សូន ជាប្រភេទទីផ្សារលក់ទំនិញតាមប្រព័ន្ធអនឡាញ ត្រូវបានមជ្ឈដា្ឋនខាងក្រៅចាត់ទុកគាត់ជា ជែក ម៉ា នៅកម្ពុជា គាត់បានយកទម្រង់ពាណិជ្ជកម្មអនឡាញរបស់ប្រទេសចិននាំចូលមកកម្ពុជា។ ឆ្នាំ២០១៧ គាត់បានបញ្ចប់ការសិក្សានៅប្រទេសចិនរួចធ្វើមាតុភូមិនិវត្ត ប្រញ៉ាប់យកបទពិសោធន៍ និងការអង្កេតនៃសង្គមសេដ្ឋកិច្ចប្រទេសចិននាំត្រលប់មកប្រទេសវិញ ស្ថាបនាឡើងពាណិជ្ជកម្មសេដ្ឋកិច្ចប្រព័ន្ធអនឡាញនៅកម្ពុជា។ លោក ប៊ុន ផាក ក៏ក្លាយជានិមិត្តរូប និងបង្គោលសញ្ញានៅក្នុងខ្សែភ្នែកយុវជនសម័យថ្មីដែលមានក្តីស្រមៃ។ យុវវ័យកម្ពុជាកាន់តែច្រើនឡើងចាប់ផ្តើមត្រៀមខ្លួនសាកល្បង រៀនភាសាចិន និយាយភាសាចិន ប្រើប្រាស់សេវាបញ្ញើរហ័សរបស់ចិន ទិញទំនិញចិនតាមអនឡាញ យុវវ័យកម្ពុជាកាន់តែច្រើនបានទទួលយកផលិតផលចិន និងវប្បធម៌ចិនដោយសន្សឹមៗ។
* នៅក្នុងកម្មវិធីកម្រងសំណួរស្ទង់មតិមួយ អំពីការយល់ឃើញរបស់ប្រជាជនកម្ពុជា
ក្នុងនោះប្រជាជនកម្ពុជាភាគច្រើនបំផុត សុទ្ធតែចាត់ទុកប្រទេសចិនជាដៃគូអន្តរជាតិល្អបំផុតនៅក្នុងវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ល។
នៅក្នុងសំណួរ «អ្នកណាជាដៃគូពាណិជ្ជកម្មល្អបំផុតសំរាប់កម្ពុជា?» អ្នកឆ្លើយ៤៦% ជ្រើសរើសប្រទេសចិន បន្ទាប់មកគឺប្រទេសថៃមាន៣៨% អាមេរិក២៥% និងវៀតណាម២៥%។ មានវាគ្មិន៣៨% យល់ឃើញថា ប្រទេសចិនជាដៃគូគោលនយោបាយការទូតដែលល្អបំផុតសម្រាប់ប្រទេសកម្ពុជា វាគ្មិន២៨% ជ្រើសរើសសហរដ្ឋអាមេរិក និង២៣%ផ្សេងទៀតជ្រើសរើសជប៉ុន។
ក្នុងទំនាក់ទំនងជាដៃគូរលើហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសេវាសាធារណៈ មានវាគ្មិន៤៤% ឲ្យប្រទេសចិនជាប់ចំណាត់ថ្នាក់មុខគេ ៣៨%ឲ្យជប៉ុនជាប់លេខបន្ទាប់ ឯប្រទេសអាមេរិកជាប់លេខ៣(២៥%)។
ប្រជាជនកម្ពុជាកាន់តែច្រើនឡើងបានបង្ហាញនូវការវាយតម្លៃវិជ្ជមានចំពោះប្រទេសចិនដូចជា៖ «ខ្ញុំចូលចិត្តប្រើប្រាស់របស់ចិន ព្រោះវាមានគុណភាពល្អណាស់។ របស់ ចិន មានច្រើនមុខណាស់ តម្លៃសមរម្យ»។ »ខ្ញុំចូលចិត្តវប្បធម៌ចិនណាស់ ថ្ងៃក្រោយខ្ញុំចង់បន្តការសិក្សានៅប្រទេសចិន»។ «យើងខ្ញុំ ស្វាគមន៍មិត្តសម្លាញ់ចិនមកលេងកម្ពុជា»។
* ទស្សនៈប្រជាជនចិនចំពោះកម្ពុជា
«កម្ពុជាក៏ជាស្រុកកំណើតទីពីររបស់ខ្ញុំដែរ!» នេះជាសម្តីរបស់លោក ហួង ជាជនជាតិចិនមួយរូបដែលបានតស៊ូនៅប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំ។ កាលពីឆ្នាំ១៩៩៦ គាត់ពោរពេញដោយឆន្ទៈសហគ្រិនភាព ឆ្ពោះមកកាន់កម្ពុជាវិនិយោគទុនបើករោងចក្រ មកដល់បច្ចុប្បន្ននេះ អស់រយៈពេល ២០ឆ្នាំប្លាយហើយ។
លោកបន្តថា៖ «កូនរបស់ខ្ញុំមិនត្រឹមតែអាចនិយាយភាសាចិន ថែមទាំងអាចនិយាយភាសាខ្មែរបានផងដែរ»។ លោក ហួង មានប្រសាសន៍ប្រកបដោយមោទនភាពថា៖ «២០ឆ្នាំកន្លងមកនេះ លោកនិងគ្រួសារបានចាក់ឬសនៅប្រទេសកម្ពុជា សម្របទៅនឹងជីវភាពរស់នៅកម្ពុជា លោកបានរាប់អានជាមួយមិត្តភក្តិបរទេសកាន់តែច្រើន អារម្មណ៍យល់ច្បាស់អំពីភាពស្លូតត្រង់ ទន់ភ្លន់ តែរឹងមាំ និងសេចក្តីតស៊ូ ពុះពាររបស់ប្រជាជនកម្ពុជា»។
តាមរយៈទំនាក់ទំនងជិតស្និតផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ប្រជាជនចិនកាន់តែច្រើនបានសម្របខ្លួនចូលទៅក្នុងជីវភាពរស់នៅក្នុងសង្គមកម្ពុជា។ ជនជាតិ ចិននៅកម្ពុជាបានធ្វើការវាយតម្លៃខ្ពស់ចំពោះមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំងជូនពរមិត្តភាពកម្ពុជា-ចិនថិតថេរយូអង្វែង។
បងស្រីម្នាក់ជាម្ចាស់ភោជនីយដ្ឋានចិនមួយនៅរាជធានីភ្នំពេញ បាននិយាយថា៖ មកដល់ប្រទេសកម្ពុជាបើកភោជនីយដ្ឋានជាង ២០ឆ្នាំបា្លយហើយ ឈ្មោះ «ភោជនីយដ្ឋានប៉េកាំង» មានប្រភពមកពីព្រះមហាក្សត្រ និងមហាក្សត្រីនៃប្រទេសកម្ពុជា។ ជារៀងរាល់ទ្រង់ឆ្នាំយាងទៅសម្រាកលំហែរនៅក្រុងប៉េកាំង ហើយឈ្មោះ ប៉េកាំង ត្រូវបានប្រជាជនកម្ពុជាស្គាល់ច្បាស់គ្រប់ៗគ្នា។ ចាប់តាំងពីបើកហាងមក ទទួលបានការពេញនិយមចូលចិត្តជាខ្លាំងពីប្រជាជនកម្ពុជានៅក្នុងតំបន់។
លោកគ្រូ អ៊ូ ដែលបច្ចុប្បន្នជាគ្រូបង្រៀននៅកម្ពុជា បាននិយាយថា៖ ខ្ញុំបានមកបង្រៀនភាសាចិននៅប្រទេសកម្ពុជាអស់រយៈពេល ២ឆ្នាំជាងហើយ។ សាលា អន្តរជាតិដែលខ្ញុំកំពុងបង្រៀន មានទំនាក់ទំនងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនៅប្រទេសចិនរយៈពេល ៥ឆ្នាំហើយ ខ្លួនខ្ញុំផ្ទាល់បញ្ចប់ការសិក្សាភ្លាមក៍មកធ្វើការនៅរាជធានីភ្នំពេញ។ ក្មេងៗនៅទីនេះចូលចិត្តសិក្សាភាសាចិនណាស់។
លោក កៅ ជាម្ចាស់ភោជនីយដ្ឋានភាគឥសាន បាននិយាយថា៖ កាលពី២ឆ្នាំមុន ឆ្លើយតបតាមគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ ខ្ញុំបាន មកប្រទេសកម្ពុជាចូលរួមអភិវឌ្ឍវិស័យម្ហូបអាហារ។ ក្នុងរយៈពេល២ឆ្នាំនេះ ខ្ញុំសង្កេតឃើញថាប្រទេសកម្ពុជាមានភាពប្រែប្រួលច្រើន គឺប្រជាជនកម្ពុជាកាន់តែច្រើនឡើងអាចនិយាយភាសាចិនបាន។
ស្របពេលដែលមិត្តភាពកម្ពុជា-ចិនកាន់តែប្រសើរឡើងៗ ប្រជាជនកម្ពុជាកាន់តែច្រើនចាប់ផ្តើមបើកចិត្តទទួលយកជនជាតិចិន ធ្វើឲ្យប្រជាជនចិន កាន់តែច្រើនបានមកកម្ពុជាស្វែងរកក្តីស្រមៃរបស់ពួកគេ។ អ្នកជំនួញ វិស្វករ គ្រូបង្រៀននិងប្រជាជនចិនផ្សេងៗមកពីគ្រប់វិស័យបានបង្ហាញខ្លួននៅប្រទេសកម្ពុជា។ ពួកគេ បានក្លាយជាកស្សិណសាក្សី ដែលបញ្ជាក់ពីមិត្តភាពកម្ពុជា-ចិន ប្រើបទពិសោធន៍ផ្ទាល់ខ្លួនចារក្នុងប្រវត្តិសាស្ត្រកម្ពុជា-ចិន។ នាថ្ងៃអនាគត ប្រវតិ្តសាស្ត្រនឹងត្រូវបានអ្នកជំនាន់ថ្មីកាន់ស្លាបប៉ាកាចារទុកជំនួស ក៏ជំរុញឲ្យយុវជនជំនាន់ក្រោយបន្តរួមគ្នាអភិរក្សថែរក្សាមិត្តភាពកម្ពុជា-ចិន ដើម្បីឲ្យមិត្តភាពដែកថែបរវាងកម្ពុជា-ចិន នៅបន្តជានិរន្ត៕