រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចផ្អាកបណ្តោះអាសន្នអាជីវកម្ម ចំណតរថយន្តអូរស្មាច់ ក្រោយពាក់ព័ន្ធអ្នកជំងឺកូវីដ១៩
10-06-2021 11:45
(ឧត្តរមានជ័យ)៖ ចំណតរថយន្តអូរស្មាច់ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានអាជ្ជាធរខេត្តឧត្តរមានជ័យ ចេញសេចក្តីសម្រេច ផ្អាកធ្វើអាជីវកម្មបណ្តោះអាសន្ន ក្រោយពាក់ព័ន្ធស្ត្រីម្នាក់មានវិជ្ជមានជំងឺកូវីដ១៩។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ គឺសម្រេចផ្អាកជាបណ្តោះអាសន្នអាជីវកម្ម «ចំណតរថយន្តអូរស្មាច់» ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ដែលមានការពាក់ព័ន្ធអ្នកមានជំងឺកូវីដ១៩ ឈ្មោះ ឈុំ ជៀន ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិអូរស្មាច់ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។
ក្នុងអំឡុងពេល នៃការបិទបណ្តោះអាសន្ន នៃអាជីវកម្ម ម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការរដ្ឋបាល និងវិធានការនានារបស់រដ្ឋបាលខេត្តជាធរមាន។
សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ រកឃើញជំងឺកូវីដ១៩ ចំនួន១០១ករណី ក្នុងករណីនាំចូលពីបរទេស ចំនួន៩៦ករណី ករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន៥ករណី បានព្យាបាលជាសះស្បើយ ចំនួន៣០នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៧១នាក់៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖