
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារយកស្បៀងឧបត្ថម្ភប្រជាពលរដ្ឋ១៣នាក់ ជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ នៅសង្កាត់ព្រែកកំពឹស
10-06-2021 10:44
(ភ្នំពេញ)៖ នៅរសៀលទី០៩ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារ ដែលមានលោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៉ីអ៊ីវ ទឹកសុទ្ធ ព្រមទាំងឱសថបុរាណចិនព្យាបាលក្អក ផ្តាសសាយ ក្តៅខ្លួន ឈឺក្បាល ការពារសួត ឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៣នាក់ ដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ក្នុងភូមិព្រែករទាំង ភូមិដំណាក់សង្កែ និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក តាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩។
បន្ថែមពីនេះ ត្រូវចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ផងដែរ៕