(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងតំណាង UNICEF បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី១ នៅខណ្ឌព្រែកព្នៅ ជ្រោយចង្វារ និងខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា ពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខណ្ឌចំនួន៣ខាងលើនេះ នឹងចាក់វ៉ាក់ជំងឺកូវីដ ដូសទី១ នៅថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា និងដូសទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដែលប្រជាពលរដ្ឋសរុបប្រមាណជិត២០ម៉ឺននាក់ ដោយក្នុងខណ្ឌដូនពេញ ចំនួន ១០៤,៦១៦នាក់, ខណ្ឌជ្រោយចង្វារ ចំនួន ៤៩,១៥០នាក់ និងខណ្ឌព្រែកព្នៅចំនួន ៣៧,៧៧៣នាក់។ នៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលមានសរុប១៤ទីតាំង។

សូមជម្រាបថា បើគិតត្រឹមយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៧៧០,៦១១នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន២៧.៧១%៕