(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក គួច ចំរើន នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំពង្រឹងលើបញ្ហាសន្តិសុខ និងការរក្សាសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានជាពិសេស នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ អភិបាលរង អធិការខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ទាំង១១នាក់ ប្រធានផ្សារ និងមន្រ្តីពាក់ព័ន្ធ ជាច្រើនផ្សេងទៀត។ នៅក្នុងកិច្ចប្រជុំនេះលោក គួច ចំរើន បានលើកឡើងនូវបញ្ហាសំខាន់ៗ មួយចំនួនរួមមានទី១ ផែនការពួនស្ទាក់ ចោររកម្ម ក្រុមឆក់ ក្រុមគ្រឿងញៀនជាដើម ទី២-រៀបចំកម្មវិធីសម្រាប់បុណ្យចូលឆ្នាំ ដើម្បីសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នាឱកាសចូលឆ្នាំ។ ក្នុងឱកាសចូលឆ្នាំថ្មីអភិបាល អភិបាលរង នាយ នាយយករង ការរិយាល័យ ត្រូវតែមានវេនប្រចាំការ ទី៣-ការដុតផាវ គឺគ្មាន កាំភ្លើងបាញ់ផាវគឺមិនត្រូវមាន(ត្រួតពិនិត្យដកហូតបើមាន) និងទី៤-ការងារសំរាមត្រូវគ្រប់គ្រងឲបានប្រសើរឡើងតទៅទៀត។
ក្រៅពីបញ្ហាទាំងនេះ លោកអភិបាលខណ្ឌបានណែនាំ និងជំរុញដល់មន្រ្តី ទាំងអស់ត្រូវបង្កើនការចុះបម្រើសេវាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពជាទីបំផុត កុំឲ្យមានការរិះគន់កើតឡើង៕