(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៩ ខែមិថុនា បានសម្រេចកំណត់តំបន់ក្រហម នៅភូមិសាស្រ្ដឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម, តំបន់លឿងទុំ នៅភូមិសាស្រ្ដឃុំគោកធ្លកក្រហម ស្រុកជីក្រែង និងតំបន់លឿង នៅភូមិសាស្រ្ដឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ដែលចេញផ្សាយនៅកណ្ដាលយប់ថ្ងៃទី៩ ខែមិថុនា បានសម្រេចបិទខ្ទប់ភូមិសាស្រ្ដដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍នេះ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២២ ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង។

សូមបញ្ជាក់ថា ការផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង នេះ កើតឡើងដោយសារមានការជួបជុំមិនចាំបាច់មួយ ដោយអាជ្ញាធរមូលដ្ឋាន នៅក្នុងភោជនីយដ្ឋានពិភពធម្មជាតិ ដែលក្នុងនោះមានអធិការស្រុកសូទ្រនិគម សមាជិកក្រុមប្រឹក្សាស្រុក មេឃុំកំពង់ឃ្លាំង ជាដើម ក៏បានរកឃើញករណីវិជ្ជមានកូវីដនេះជាបន្តបន្ទាប់ផងដែរ៕