(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់លោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ជួយជំរុញភ្ញៀវទេសចរហ្វីលីពីន មកទស្សនានៅក្នុងប្រទេសកម្ពុជាបន្ថែម ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ខណៈនៅពេលនេះកម្ពុជាកំពុងរៀបចំផែនការទទួលយកភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងហើយ ឫមកពីកន្លែងដែលមានហានិភ័យទាបមកទស្សនា នៅក្នុងកន្លែងដែលមានសុវត្ថិភាពនៅកម្ពុជា។
លោកបណ្ឌិត ថោង ខុន បានស្នើដូចនេះនារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកបានអនុញ្ញាតទទួលជួបលោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។
លោកបណ្ឌិត ថោង ខុន ក៏បានលើកឡើងថា ប្រាប់លោកស្រីឯកអគ្គរដ្ឋទូត ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃជំងឺកូវីដ១៩ និងបានលើកឡើងពីផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ បានបិទបញ្ចប់ផងដែរ។
ជាមួយគ្នានោះលោករដ្ឋមន្ត្រី បានបន្ថែមថា កាលពីដើមឆ្នាំ២០២១នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន តាមរយៈប្រព័ន្ធ Video conference និងបានសម្រេចនូវវិធានការនិងគោលដៅនានា ដើម្បីបើកនូវទេសចរណ៍ នៅក្នុងតំបន់អាស៊ានឡើងវិញ ដោយផ្តោតលើទេសចរ បានចាក់វ៉ាក់សាំងរួចហើយ និងបាន ដាក់ចេញផែនការមួយចំនួនដើម្បីទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយក្នុងនោះមាន ការរៀបចំឱ្យមានផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ដោយរៀបចំឱ្យមានជាវិធានសុវត្ថិភាព អនាម័យដែលអនុវត្តន៍នៅក្នុងវិស័យឧស្សាហ៍កម្មទេសចរណ៍អាស៊ានផងដែរ។
លោកបណ្ឌិត ថោង ខុន បានបន្ថែមថា បច្ចុប្បន្ននេះក្រសួងទេសចរណ៍ កំពុងសិក្សានិងរៀបចំឯកសារទស្សនទានស្តីអំពីកញ្ចប់ទេសចរចាក់វ៉ាក់សាំង ក្នុងគោលដៅពិនិត្យលទ្ធភាព សម្រាប់ប្រទេសដែលមានហានិភ័យទាប បានមកទស្សនានៅតំបន់ក្នុងប្រទេសកម្ពុជា ក្នុងតំបន់ដែលមានសុវត្ថិភាព ដោយគោរពតាមវិធានសុវត្ថិភាពរបស់ប្រទេសកម្ពុជា ដោយធ្វើយ៉ាងណាចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩នេះ។ ទាំងនេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈ ឈានឆ្ពោះទៅការត្រៀមខ្លួនរបស់កម្ពុជា ទទួលជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ខាងមុខផងដែរ។
ជាការឆ្លើយតបលោកស្រី Maria Amerita C. Aquino បានឯកភាព នឹងជួយជំរុញបន្ថែមឱ្យបានកំណើនទេសចរមកទស្សនាប្រទេសកម្ពុជា ក្រោយស្ថានភាពកូវីដ បានធូរស្រាល ជាមួយនឹងការជំរុញឱ្យមានការចូលរួមបណ្តុះបណ្តាលលើវិស័យទេសចរណ៍ផងដែរក្រោយស្ថានភាពកូវីដ បានធូស្រាល។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលមានសណ្តានចិត្តល្អ បានចាក់វ៉ាកសាំងទៅដល់ពលរដ្ឋហ្វីលីពីន ដែលបានធ្វើការនៅក្នុងប្រទេសកម្ពុជា និងបានកោតសរសើរពីយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នេះផងដែរ ខណៈដែលលោកស្រីជឿជាក់យ៉ាងមុតមាំថាពន្លឺថ្មីនៃការរីកចម្រើនរបស់ឧស្សាហកម្មទេសចរណ៍កម្ពុជា នឹងរះឡើងក្នុងពេលឆាប់ៗខាងមុខ អាស្រ័យដោយសក្តានុពលដ៏សម្បូរណ៍បែបនៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិ៕