(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ថៃ លើកទី១១ នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការសម្រេចនេះបានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ដ្រី ដន ប្រាម៉ាត់វិណៃ (Don Pramudwinai) រដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមនៃប្រជាជនកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ប្រទេសចិន។
ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរបានឯកភាពនឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ថៃ លើកទី១១ នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ នៅកម្ពុជា ហើយសង្ឃឹមថា កិច្ចប្រជុំនេះនឹងអាចរៀបចំដោយមានការចូលរួមដោយផ្ទាល់»។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែម, រដ្ឋមន្រ្តីការបរទេសទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសកិច្ចសហការនៅតាមតំបន់ព្រំដែន។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរចំពោះប្រទេសថៃ ដែលបានផលិតវ៉ាក់សាំងដោយជោគជ័យ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ព្រមទាំងវិស័យឯកជន ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ព្រមទាំងបានយកចិត្តទុកដាក់ថែទាំ សុខុមាលភាពប្រជាជនកម្ពុជា ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ។
ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ប៊ីលានដុល្លារ ដែលត្រូវបានកំណត់ដោយ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីរួមលើកទី៣ កាលពីខែកញ្ញា ឆ្នាំ២០១៧ ប្រមុខការទូតទាំងពីរ បានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធនៃភាគីទាំងពីរខិតខំទ្វេដង ដើម្បីសម្របសម្រួលលំហូរពាណិជ្ជកម្ម នៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌពហុភាគី រួមមានអាស៊ាន (ASEAN) និងអាស៉ី-អឺរុប (ASEM) ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងចំណងមិត្តភាព ដែលមានតាំងពីយូរលង់មកហើយ និងភាពជាអ្នកជិតខាងល្អ រវាងព្រះរាជាណាចក្រទាំងពីរ៕