(កណ្ដាល)៖ សំណុំរឿងឃាតកម្ម យ៉ាងសាហាវព្រៃផ្សៃ កាប់ចិញ្ច្រាំបុរសម្នាក់ រហូតស្លាប់យ៉ាងវេទនា នៅស្រុកស្អាង ខេត្តកណ្តាលនោះ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ លទល្ធផលនៃការដាក់ទណ្ឌ បានបង្ហាញហើយ ពោលជនដៃដល់៣នាក់ ត្រូវបានលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល ប្រកាសផ្តន្ទាទោសក្នុងម្នាក់ៗ១២ឆ្នាំ និងរួមគ្នាសងសំណងជម្ងឺចិត្ត ដល់ដើមបណ្ដឹងចំនួន៨០លានរៀល។
មន្ត្រីតុលាការខេត្តកណ្តាល បានឲ្យដឹងថា ជនជាប់ចោទទាំង៣រួមមានទី១-ឈ្មោះ ជឺ សំណាង អាយុ៣៥ ឆ្នាំ ទី២-ឈ្មោះ នឿន វ៉ាន់ឌី អាយុ៣៤ឆ្នាំ និងទី៣-ឈ្មោះ សរ ពិសី អាយុ២៩ ឆ្នាំ។ ពួកគេត្រូវបានចោទតុលាការប្រកាន់ពីបទ «ឃាតកម្ម និងសមគំនិតក្នុងអំពើឃាតកម្ម» ប្រព្រឹត្តនៅភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ២៩ និង១៩៩នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើងកាលពីវេលាម៉ោង២១៖៣៥នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះជនរងគ្រោះឈ្មោះ គង់ ចាន់និមល ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ មុនពេលកើតហេតុ ជនដៃដល់ទាំង៤នាក់ ដឹកនាំដោយឈ្មោះ សរ ពិសីហៅ សរ តាំង ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំគ្នាផឹកស៊ី នៅផ្លូវមុខផ្ទះជនរងគ្រោះ លុះពេលស្រវឹងបានយកដុំថ្ម គប់ដំបូលផ្ទះជនរងគ្រោះ ឈ្មោះ គង់ ចាន់និមល ជាច្រើនដង និងបិទភ្លើង ពេលនោះជនរងគ្រោះចុះពីលើផ្ទះទៅសួរនាំ នរណាគប់ដំបូលផ្ទះ និងបិទភ្លើងផ្ទះខ្ញុំអត់។
ភ្លាមៗនោះឈ្មោះ សរ ពិសីហៅ សរ តាំង បានឆ្លើយថា គ្មានអាណាគប់ដំបូលផ្ទះឯងទេ ឯងចង់ម៉េច ឯងចង់មានរឿងឬ? ហើយឈ្មោះសរ តាំង បានស្ទុះចូលផ្ទះដោយបោះសម្តីថា អញយកកាំភ្លើងបាញ់សម្លាប់វាចោល ប៉ុន្តែម្តាយជនសង្ស័យ មិនឲ្យក៏ស្ទុះចុះមកវិញ ទៅវាយជនរងគ្រោះ ហើយបានបញ្ជាឲ្យ បក្ខពួកឈ្មោះ នឿន ភារះ ត្រូវជាប្អូនឈ្មោះ វ៉ានឌី បានយកកាំបិតបុ័ងតោ មកកាប់លើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុកម្លាំងអាវុធហត្ថ និងនគរបាលស្រុកស្អាង ចុះទៅចាប់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ចំណែកជនសង្ស័យឈ្មោះ នឿន ភារះ បានរត់គេចខ្លួនបាត់។
ក្រោយការប្រកាសសាលក្រមស្រ្តីឈ្មោះ សូន សុខជា ត្រូវជាភរិយាជនរងគ្រោះឈ្មោះសេង គង់ចាន់និមល ដែលត្រូវជនល្មើសទាំង៤នាក់ព្រួតគ្នាកាប់សម្លាប់នោះ បានចាត់ទុយកថា ការកាត់ក្តីរបស់សាលាដំបូងខេត្តកណ្តាល ដែលមានលោក ហុក វ៉ាន់ធីណាជា ប្រធានក្រុមប្រឹក្សាជំនុំជំរះ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា ពិតជាមានភាពយុត្តិធម៌ណាស់សម្រាប់រូបនាង កូនស្រី និងក្រុមគ្រួសារទាំងអស់។ យ៉ាងណាក៏ដោយគ្រួសារជនរងគ្រោះនៅតែសុំឲ្យតុលាការតាមចាប់ជនដែលកំពុងរត់គេចខ្លួនឈ្មោះ នឿន ភារៈ ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់៕
ឈ្មោះ នឿន ភារៈ ដែលកំពុងរត់គេចខ្លូន