(ភ្នំពេញ)៖ ជិតដល់ថ្ងៃឱសាន្តវាទ នៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ដោយទុករយៈពេល១សប្តាហ៍ គិតចាប់តាំងពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឲ្យអ្នករស់នៅលើផ្ទៃទឹកទន្លេ រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ រុះរើដោយខ្លួនឯង មកដល់ថ្ងៃនេះមានអ្នកខ្លះអនុវត្តតាម ហើយអ្នកទៀតមិនព្រមអនុវត្តតាម។
ដោយពិនិត្យឃើញថា អ្នកអនុវត្តតាមស្មារតី នៃសេចក្តីជូនដំណឹងមានតិច ហើយអ្នករឹងរូសមានច្រើន នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ, លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌ បានធ្វើដំណើរតាម អូប័រ៤គ្រឿង ចុះទៅណែនាំជាលើកចុងក្រោយឲ្យអ្នករស់នៅលើផ្ទៃទឹកទន្លេរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ ដោយខ្លួនឯងបើមិនអនុវត្តតាមទេ គណៈបញ្ជាការឯកភាពខណ្ឌ និងចាត់វិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ។
យុទ្ធនាការថ្ងៃចុងក្រោយ ដោយដាក់កំហិតឲ្យរុះរើចេញគ្មានការយោគយល់នេះ កម្លាំងចម្រុះបានអនុវត្តចាប់ពីសង្កាត់ព្រែកប្រា សង្កាត់ច្បារអំពៅទី២ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ដោយឲ្យរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ ចេញឲ្យអស់ បើមិនព្រមរុះរើដោយខ្លួនឯងទេ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ នឹងចាត់វិធានការរដ្ឋបាលទ្រង់ទ្រាយធំដោយ មិនអូសបន្លាយតទៅទៀតឡើយ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌច្បារអំពៅ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មានខ្លឹមសាថា កន្លងមកមានជនឱកាសនិយមមួយចំនួន បានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាល ពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាព នៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។
ចំពោះមុខដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល០១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្តីជូនដំណឹងនេះតទៅ។
ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញ៕