Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាមីយ៉ាន់ម៉ា នឹងបើកសម័យប្រជុំ ក្នុងរយៈពេលពីរថ្ងៃទៀត ដើម្បីបង្កើតរដ្ឋាភិបាលថ្មី

15-03-2016 16:44

(ណៃពិដោ)៖ សភានៃសហភាពមីយ៉ាន់ម៉ា (ភូមា) បានប្រកាសនៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០១៦នេះថា ខ្លួននឹងបន្តសម័យប្រជុំ នៅថ្ងៃព្រហស្បតិ៍ខានស្អែកនេះ ដើម្បីរៀបចំផ្តល់អំណាចពេញលេញដល់ប្រធានាធិបតីថ្មី ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំង ក្នុងការបង្កើតរដ្ឋាភិបាលស៊ីវិលថ្មី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅរសៀលថ្ងៃទី១៥ ខែមីនា។

កិច្ចពិភាក្សាជាទូទៅនៅក្នុងសម័យប្រជុំសភា ថ្ងៃព្រហស្បតិ៍ខាងមុននេះ គណបក្សឈ្នះឆ្នោតនឹងបង្ហាញបញ្ជីឈ្មោះ រដ្ឋមន្ត្រីទាំងអស់ ដែលនឹងកាន់តំណែងតាមស្ថាប័ននីមួយៗ នៃរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី។

គួរបញ្ជាក់ថាលោក យូ ហាទីន ក្យរ (U Htin Kyaw) ត្រូវបានសមាជិកសភាបោះឆ្នោតគាំទ្រ ឲ្យឡើងកាន់តំណែង ជាប្រធានាធិបតីស៊ីវិលដំបូង របស់មីយ៉ាន់ម៉ា ដែលមិនមានប្រភពមកពីយោធាក្នុងរយៈពេលជាង កន្លះសតវត្សរ៍មកនេះ។ លោកគឺជាមន្ត្រីជំនិតមួយរូបរបស់លោកស្រី ស៊ូជី ដែលធ្លាប់បានជាប់ពន្ធនាគាររាប់ឆ្នាំ ដោយសាររឿងនយោបាយ៕