(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើដល់អភិបាលរងខេត្ត ទទួលបន្ទុកក្រុង ស្រុក ក៏ដូចជាអាជ្ញាធរក្នុងក្រុង ស្រុកនីមួយៗ ជំនាញពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងខេត្ត ត្រូវបន្តត្រួតពិនិត្យវត្តន៍ភាព និងពង្រឹងយន្តការអនុវត្តឲ្យមានប្រសិទ្ធភាពឲ្យបានកាន់តែល្អប្រសើរថែមទៀត ជុំវិញការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ការស្នើនេះធ្វើឡើងខណៈ លោក ជាវ តាយ ដឹកនាំក្នុងកិច្ចប្រជុំគណៈកម្មការខេត្ត ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តភ្ជាប់តាមរយៈវីដេអូ Zoom ពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្តកំពត។ កិច្ចប្រជុំនេះ មានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជំនាញ និងកងកម្លាំងពាក់ព័ន្ធ។
លោក ជាវ តាយ ក៏បានស្នើដល់មន្ត្រីជំនាញសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ផ្តោតសំខាន់រកទីតាំង ដើម្បីធ្វើកន្លែងសម្រាប់បូជាសពអ្នកជំងឺកូវីដ១៩ ឲ្យបានសមរម្យ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានធ្វើការកត់សម្គាល់ថា លទ្ធផល នៃការដោះស្រាយ និងការគ្រប់គ្រង បញ្ហាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅខេត្តកំពត នារយៈពេលកន្លងមក ក៏មានលក្ខណៈល្អប្រសើរផងដែរ គឺដោយសារការចូលរួមសហការគ្នា បានយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ អាជ្ញាធរ និងមន្ទីរ អង្គភាពជំនាញ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ពោលគឺអនុវត្តតាមវិធានការសុខាភិបាល ពិសេសតាមការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យការឆ្លងរីករាលដាលកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត មិនមែនលក្ខណៈទ្រង់ទ្រាយធំទេ។
ប៉ុន្តែទោះបីយ៉ាងណា ក្នុងដំណាក់ការចុងក្រោយនេះ មានករណីផ្ទុះឡើងការឆ្លងជំងឺកូវីត១៩ យ៉ាងគំហុក ដែលបានធ្វើឲ្យរដ្ឋបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ និងជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់មានការព្រួយបារម្ភ និងត្រូវតែបង្កើនការយកចិត្តទុកដាក់ ពង្រឹងលើយន្តការគ្រប់គ្រងឲ្យល្អប្រសើរឡើងវិញ និងកាន់តែមានប្រសិទ្ធភាពថែមទៀត។
ចំពោះករណីសំណូមពរផ្សេងៗ ឬការដោះស្រាយបញ្ហាប្រឈមចាំបាច់ណាមួយ នៅក្នុងមណ្ឌលចត្តាឡីស័ក ឬកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ត្រូវតែធ្វើការដោះស្រាយទំនុកបម្រុងឲ្យបានគ្រប់គ្រាន់ទាំងស្បៀងអាហារ និងការព្យាបាលឲ្យបានជាបន្ទាន់ ឬរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាជាចាំបាច់។
លោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានលើកឡើងថា កន្លងមកខេត្តកំពត មានការគ្រប់គ្រងបានល្អបញ្ហាការបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងខេត្តធៀបនឹងខេត្ត-រាជធានីមួយចំនួន ក្នុងប្រទេស ធ្វើឲ្យសេវាកម្មអាជីវកម្មមួយចំនួន ពិសេសភ្ញៀវទេសចរក្នុងខេត្ត មានលក្ខណៈល្អប្រសើរ។
តែទោះបីយ៉ាងណា ការផ្ទុះនេះនៅក្នុងសហគមន៍មានការគ្រប់គ្រងបានល្អ មិនមានលក្ខណៈច្រើន ឬកំណត់ជាតំបន់ក្រហមនៅឡើយទេ គឺការចម្លងភាគច្រើន ផ្ដើមចេញពីអ្នកពាក់ព័ន្ធ ដែលមានការផ្ទុះឡើងនៅក្នុងកាស៉ីណូ និងសេវាកម្សាន្តមួយចំនួន។ តែមកដល់បច្ចុប្បន្ននេះ ស្ថានការគ្រប់គ្រង និងការព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ មានការធូរស្រាល យ៉ាងយូរក្នុងរយៈពេលមួយសប្ដាហ៍ទៀត នឹងមានលក្ខណៈល្អប្រសើរឡើងវិញ។
ក្នុងឱកាសនោះ លោក ជាវ តាយ បានផ្តល់អង្ករចំនួន២០តោន ដល់រដ្ឋបាលក្រុង ស្រុក ចំនួន៧ ក្នុង១ក្រុង ស្រុកទទួលបានអង្ករ ២តោន សម្រាប់ជួយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារការឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ។ ដោយឡែកសម្រាប់រដ្ឋបាល ស្រុកកំពង់ត្រាច ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ឆ្លងច្រើន គឺទទួលបានអង្ករ ចំនួន៦តោន៕