(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដោយមានការអមដំណើរពីលោក Battula Subba Rao លេខាទីពីរទទួលបន្ទុកកិច្ចការនយោបាយ និងពាណិជ្ជកម្ម នៅទីស្ដីការក្រសួង។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកស្រី Devyani Uttam Khobragade ដែលទទួលការតែងតាំងមុខ ដំណែងជាឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងប្រាប់លោកស្រី Devyani Uttam Khobragade ពីសារសំខាន់នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលអាចផ្តល់ការបណ្តុះបណ្តាលចំណេះជំនាញផ្នែកបច្ចេកទេសដល់វិស្វករកម្ពុជា ដើម្បីបំពេញតាមតម្រូវការសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ក៏ដូចជាអាចបណ្តុះបណ្តាលនិស្សិត ដែលបានបញ្ចប់ការសិក្សាដើម្បីក្លាយខ្លួនជាវិស្វករកម្ពុជា នាថ្ងៃអនាគតយ៉ាងពិតប្រាកដ។
លោកស្រី Devyani Uttam Khobragade ក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ឥណ្ឌា តាំងពីយូរលង់ណាស់មកហើយ និងបានជំរុញលើកទឹកចិត្តឱ្យកម្ពុជា លើកឡើងនូវគម្រោងអាទិភាពសំខាន់ៗចំនួនបីក្នុងនោះរួមមាន៖ វិស័យសង្គម វិស័យហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ក្រោមក្របខ័ណ្ឌមូលនិធិអាស៊ាន-ឥណ្ឌា ដោយប្រើប្រាស់កញ្ចប់ថវិកាប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕