(បាត់ដំបង)៖ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តបាត់ដំបងលោក ប៉ង់ ចាន់សុយុទ្ធារា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាលខេត្ត ចុះទៅបិទបន្ទប់ខារ៉ាអូខេ Karaoke Pacific Night Taste ចំនួន៩បន្ទប់ ដែលជាប់ពាក់ព័ន្ធរឿង គ្រឿងញៀន។
ភ្នាក់ងារ Fresh News ដែលស្ថិតនៅទីនោះបានឲ្យដឹងថា នេះគ្រាន់តែបិទបន្ទប់ខារ៉ាអូខេតែប៉ុណ្ណោះ តែសម្រាប់អាជីវកម្មផ្សេងទៀត គឺមិនបានបិទនោះទេ នៅដំណើរការជាធម្មតា។ សម្រាប់ការចុះបិទបន្ទប់ខារ៉ាអូខេនេះ ម្ចាស់ទីតាំងលោក ចាយ សារ៉េត មិននៅនោះទេ នៅតែកូនប្រុសឈ្មោះ ចាយ សម្បត្តិបញ្ញា។
សូមបញ្ជាក់ថា កម្លាំងចម្រុះ កម្លាំងនគរបាលជំនាញបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ ស ថេត និងមានការឯកភាពពីតំណាង អយ្យការអមសាលាដំបូងខេត្តលោក នួន សាន នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅបន្ទប់៨៨៨៨ និង៩៩៩៩ នៃខារ៉ាអូខេ Pacific Night Taste ស្ថិតនៅសង្កាត់ស្វាយប៉ាក ក្រុងបាត់ដំបង។
មន្រ្តីនគរបាលខេត្តបាត់ដំបង បានថ្លែងប្រាប់ថា សម្រាប់ប្រតិបត្តិការ ចុះបង្ក្រាបករណីគ្រឿងញៀននេះ កម្លាំងនគរបាលបានចាប់ខ្លួន មនុស្សចំនួន១៥នាក់ ក្នុងនោះស្រី៤នាក់ ហើយក្រោយពិនិត្យ ទឹកនោមរួចមក មានសារធាតុញៀន ចំនួន១៣នាក់។ ក្រៅពីការចាប់ខ្លួន ជនសង្ស័យទាំងនេះកម្លាំងនគរបាលក៏បានដកហូត ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនផងដែរ៕