(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងម៉ាស ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ត្បូងឃ្មុំ កំពង់ចាម ដឹកនាំដោយលោក អ៊ុក ប៊ុនឈឿន ប្រធានក្រុម សម្រាប់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋមដែលកំពុងធ្វើចត្តាឡីស័ក និងចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅខេត្តត្បូងឃ្មុំ។
ថ្លែងសំណេះសំណាល លោក អ៊ុក ប៊ុនឈឿន បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាង យកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាព របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។
ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ដែលបានខិតខំបំពេញការងារយ៉ាង សកម្មនាពេលកន្លងមក ពិសេសបានអនុវត្តការណែនាំនូវវិធានការនានាជាច្រើន ដើម្បីបង្ការ និងទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ព្រមទាំងធ្វើការក្រើនរំលឹកដល់អាជ្ញាធរខេត្តត្បូងឃ្មុំ ត្រូវបន្តការអនុវត្តគ្រប់វិធានការប្រុងប្រយ័ត្នខ្ពស់ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឲ្យសោះ ព្រោះបច្ចុប្ប្នន្ននៅទូទាំងប្រទេសកម្ពុជា នៅមានតំបន់មួយចំនួន នៅតែប្រឈមខ្លាំងដដែល ដូច្នេះត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឲ្យបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។
ថ្លែងនាឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តសប្បុរសរបស់ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដែលបាននាំយកអំណោយមកប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ នេះជាវប្បធម៌ នៃការចែករំលែក និងការជួយគ្នាទៅវិញទៅមក ក្នុងពេលវេលាដែលវីរុសកូវីដ ១៩ រីករាលដាលជាសកល។
ចំពោះអំណោយទាំងនោះរួមមាន៖ ទឹកត្រី ១០០យួរ ទឹកស៉ីអ៉ីវ១០០យួរ ទឹកសុទ្ធ១០០កេស ត្រីខ១០០យួរ មី១០០កេស និងម៉ាសចំនួន៤០០០ម៉ាស៕