(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានត្រួតពិនិត្យក្រុមគ្រូពេទ្យជួរមុខ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលកំពុងបន្តចុះយកសំណាកប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ភូមិសាស្រ្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសហការជាមួយក្រុមគ្រូពេទ្យ កងរាជអាវុធហត្ថ និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យ បានចុះប្រតិបត្តិការនៅទីនេះ មានរយៈពេលជាង១ខែមកហើយ។
លោកថា កងកម្លាំងក្រុមគ្រូពេទ្យ បានបំពេញប្រតិបត្តិការនេះ យ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ដែលអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ កងទ័ពតាមឋានានុក្រម និងឣាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងឈានទៅកាត់ផ្តាច់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលជាហានិភ័យធ្វើឲ្យប៉ះពាល់លើគ្រប់វិស័យ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះផ្ទាល់។
លោកមេបញ្ជាការ ក៏បានឲ្យដឹងដែរថា ដើម្បីបង្កើនល្បឿននៃការយកសំណាក កម្លាំងក្រុមគ្រូពេទ្យនៃតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ត្រូវបានបំបែកជា ២ក្រុម ដែល១ក្រុម ចូលយកនៅ តំបន់ឧស្សាហកម្ម (អូរនាង) និងមួយក្រុមទៀត ចូលយកនៅទីតាំងហ្គោលឌិនស្ទូចត្រី ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕