(កណ្ដាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញផ្ដល់សម្ភារៈជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលស្រុកលើកដែក សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ចំនួន៣៣៣គ្រួសារ ស្ថិតនៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ព្រមទាំងមន្ត្រីរាជការ យុវជនកាកបាតក្រហមកម្ពុជាជាច្រើននាក់ផ្សេងទៀត។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ លោកស្រី បានផ្ដាំផ្ញើដល់អាជ្ញាធរខេត្តកណ្ដាល ត្រូវបន្តប្រុងប្រយ័ត្ន និងផ្សព្វផ្សាយដល់ពលរដ្ឋទាំងអស់ឲ្យមានការគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល ពិសេសគឺអនុវត្តតាមវិធាន ៣កុំ ៣ការពារ ឲ្យបានល្អប្រសើរ។
ជាមួយគ្នានោះ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ស្រុកលើកដែក មានប្រជាពលរដ្ឋពាក់ព័ន្ធចំនួន១,៥៩៩នាក់, យកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន១,១៥៩នាក់, អ្នកវិជ្ជមានកូវីដ១៩ ចំនួន១០១នាក់, ព្យាបាលជាសះស្បើយចំនួន៥៥នាក់ និងស្លាប់ចំនួន០១នាក់។
លោកអភិបាលស្រុកលើកដែក បានបន្ថែមថា ស្រុកលើកដែក មាន «តំបន់ក្រហម» ដែលជាតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រភូមិពាមរាំងលើ «តំបន់លឿងទុំ» ក្នុងភូមិសាស្ត្រភូមិព្រែកតាទួន និង «តំបន់លឿង» ក្នុងភូមិសាស្ត្រភូមិថ្មី នៃឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ដែលត្រូវបានបិទខទប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
សូមជម្រាបថា សម្ភារៈជាគ្រឿងឧបភោគបរិភោគជាច្រើន ដែលសម្រាប់ចែកជូនពលរដ្ឋមានដូចជា៖ អង្ករ ៦,៦៦០គីឡូក្រាម, មី៣៣៣កេស, ត្រីខកំប៉ុង៣៣៣យួរ ,អំបិល ១៦៦,៥០គីឡូក្រាម, ទឹកស៉ីអ៉ីវ៣៣៣យួរ, ទឹកសុទ្ធ ៣៣៣កេស, ជែល ៣៣៣ដប និងម៉ាស៣,៣៣០បន្ទះ៕