(ភ្នំពេញ)៖ ក្នុងកំទ្បុងឆ្នាំ២០១៦នេះ កម្មករនិយោជិតប្រមាណជាចំនួន៣៦ម៉ឺននាក់ ដែលបានកំពុងធ្វើការ ក្នុងគោលដៅចំនួនបី គឺទីក្រុងភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺ នឹងទទួលបានការធានារ៉ាបរង គាំពារសុខភាពពីការអនុវត្តសន្តិសុខសង្គម ផ្នែកថែទាំសុខភាព។ នេះបើតាមការឲ្យដឹងពី នាយកបេទ្បាជាតិរបបសន្តិសុខសង្គម បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីដំណើរការ នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារភ្នំពេញ។
លោក អ៊ុក សមវិទ្យា នាយកបេទ្បាជាតិរបបសន្តិសុខសង្គម បានថ្លែងឲ្យដឹងថា ផ្នែកថែទាំសុខភាព ឬធានារ៉ាប់រងសុខភាពសង្គមនេះ គឺជាជំហានទី២ បន្ទាប់ពីផ្នែកហានិភ័យការងារ នៃប្រព័ន្ធសន្តិសុខសង្គម ដែលជាផ្នែកមួយដល់សំខាន់ ដល់កម្មករនិយោជិក។
លោកបានបន្ដថា សិក្ខាសាខាក្នុងថ្ងៃនេះ គឺធ្វើទ្បើងដើម្បី ផ្តល់នូវការយល់ដឹងពីគោលការណ៍ នៃរបបសន្តិសុខផ្នែកថែទាំសុខភាព ដល់កម្មករនិយោជិត ដែលចេញអនុក្រឹត្យ ដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០១៦នេះ។
លោកបន្ថែមថា ធានារ៉ាបរងសុខភាព ដល់កម្មករនិយោជិកនេះ នឹងជំរុញឲ្យពួកគាត់ទៅរកពេទ្យ នៅពេលដែលពួកគេមានជំងឺឈឺស្កាត់ល្មមៗ ឬធ្ងន់ ដោយមិននៅទ្រាំដូចពេល ដែលមិនទាន់មានធានារ៉ាប់រងសុខភាពទេ។ មួយវិញទៀតនៅពេលដែលកម្មករ មានសុខភាពល្អ នោះផលិតកម្មក៏អាចច្រើនជាងមុនផងដែរ។
លោក Albert Tan ជាហរិញ្ញិកនៃសមាគមនរោងចក្រកាត់ដេរនៅកម្ពុជា មានថ្លែងថា ពេលដែលបេទ្បារបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សហការជាមួយនឹងសមាគមរោងចក្រកាត់ដេរ ទាក់ទងទៅនឹងការធានារ៉ាប់រង ជូនកម្មករនិយោជិតនោះ កម្មករនិយោជិតនឹងអាចស្វែងរកកន្លែង សំរាកព្យាបាលឲ្យចំគោលដៅ និង ទទួលបាននូវសេវាកម្មប្រសើរជាងមុន។
កញ្ញា សំរិត វណ្ណារី ដែលតំណាងឲ្យរោងចក្រ Skytex Silk Screen បានលើកឡើងថា ធានារ៉ាប់រងផ្នែកសុខភាព ដែលមានក្នុងបេទ្បារបបសន្តិសុខសង្គមនេះ គឺជាការល្អមែនទែនដល់កម្មកររោងចក្រ ដែលពួកគេអាចកាត់បន្ថយ នៅការចំណាយ ទៅលើសេវាព្យាបាលសុខភាពរបស់ពួកគេ ដោយយកការចំណាយ ដែលនៅសល់នោះទៅផ្គត់ផ្គង់ផ្នែកផ្សេងទៀត។
សូមបញ្ជាក់ថា ធានារ៉ាប់រងសុខភាពនេះ នឹងចាប់ផ្តើមដំណើរការអនុវត្តនៅ ក្នុងខែឧសភាខាងមុខនេះ៕