(កណ្តាល)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាន អនុប្រធានមន្ទីរ ប្រធានអង្គភាពលទ្ធកម្ម ទីចាត់ការរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានជួបសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលស្រុកល្វាឯម និងកម្លាំងនគរបាលប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅក្នុងស្រុកល្វាឯម សរុប៦៩នាក់។
លោក នុត ពុធដារ៉ា បានកោតសរសើរ និងថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្រុកល្វាឯម របស់ក្រុមគ្រូពេទ្យ និងមន្ត្រីប្រចាំការទាំងអស់។
ក្នុងឱកាសនោះ លោកបានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ចំនួន៦០នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១៥០.០០០រៀល និងកម្លាំងនគរបាលប្រចាំការ ចំនួន ០៩នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១០០.០០០រៀលផងដែរ៕