(ភ្នំពេញ)៖ បើទោះបីជារយៈពេលប៉ុន្មានខែដើមឆ្នាំនេះ មានបញ្ហាដោយសារអាកាសធាតុមិនអំណោយផលក៏ពិតមែន តែអំបិលដែលផលិតបាននៅឆ្នាំនេះ មានចំនួនគ្រប់គ្រាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបាន។

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ថា នៅឆ្នាំនេះ ការផលិតអំបិលទទួលបានចំនួន ៦ម៉ឺន៥ពាន់តោន ហើយអំបិលនៅសល់ក្នុងស្តុកមាន ៤ម៉ឺន៥ពាន់តោនទៀត។ ដូច្នេះអំបិលសម្រាប់ឆ្នាំនេះ គឺគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ។

លោកបញ្ជាក់ឲ្យដឹងថា «មកដល់ពេលនេះ យើងមានអំបិលដែលប្រមូលបានពីការផលិតជាង ៦៥,០០០តោន និងបូករួមជាមួយនឹងអំបិលដែលយើងមាននៅសល់ក្នុងស្ដុកចំនួន ៤៥,០០០តោនទៀត សម្រាប់ឆ្នាំនេះអំបិលរបស់យើងអាចផ្គត់ផ្គង់ ចំពោះតម្រូវការទីផ្សារក្នុងស្រុកបានដូចឆ្នាំកន្លងទៅដែរ មិនត្រូវការនាំចូលពីក្រៅនោះទេ»

លោកបញ្ជាក់ទៀតថា កន្លងមកនៅដើមឆ្នាំ និងជាដើមរដូវនៃការផលិតអំបិល ក្រុមអ្នកផលិតដែលទទួលបានផលច្រើន គឺបានបញ្ចេញអំបិលលក់ ដើម្បីបង្វិលទុនសម្រាប់ដំណើរការផលិតរបស់ខ្លួនបន្តទៀត ហើយពេលនោះតម្លៃអំបិលវិញក៏មានតម្លៃទាប ស្របពេលដែលឈ្មួញកណ្ដាល និងដេប៉ូមានឱកាសប្រមូលទិញអំបិលនៅដើមរដូវនោះ សម្រាប់ស្តុកទុក ហើយឈ្មួញកណ្ដាល និងដេប៉ូ នឹងបញ្ចេញលក់វិញនៅពេលរដូវ ដែលបងប្អូនពលរដ្ឋធ្វើត្រីប្រហុកផ្អក ជាមួយនឹងតម្លៃខ្ពស់ជាងតម្លៃនៅដើមរដូវផងដែរ។

លោកបានបន្ថែមថា ជាទូទៅការផ្គត់ផ្គង់អំបិលលើទីផ្សារ មានចន្លោះ១០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយការផលិតអំបិលទទួលបានទិន្នផលច្រើន គឺក្នុងអំឡុងពេល៣ខែជាប់គ្នា គឺខែកុម្ភៈ ខែមីនា និងខែមេសា ព្រោះខែទាំងបីនេះជាខែក្ដៅខ្លាំង ការផលិតអំបិលទទួលបានផលច្រើន។

លោកបានបន្តថា ចំពោះដំណើរការផលិតអំបិលក្នុងខែមិថុនាឆ្នាំនេះវិញ ឃើញថា ជួបនឹងបញ្ហាអាកាសធាតុច្រើនជាងឆ្នាំកន្លងទៅ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យការផលិតអំបិលសឹងតែត្រូវបិទបញ្ចប់ទៅហើយ ខណៈឆ្នាំ២០២០កន្លងទៅក្រុមអ្នកផលិតអាចបន្តផលិតអំបិល បានរហូតដល់ខែសីហាឯណ្ណោះ។ ដូច្នេះបញ្ហាភ្លៀងកើតឡើងនៅខែមិថុនាឆ្នាំនេះ ប្រហែលជានាំឲ្យការផលិតអំបិល មិនអាចបន្តការផលិតតទៅទៀតបាន និងធ្វើឲ្យចំនួនតិចជាឆ្នាំមុនផងដែរ។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍បានឲ្យដឹងថា ឆ្នាំ២០២០ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តកំពង និងខេត្តកែបមានទំហំ ៤,៧៤៨ ហិចតា ក្នុងមួយហិចតាផលិតអំបិលបានជាមធ្យោម២០តោន ក្នុងរយៈពេល១ឆ្នាំ។ ដំណើរការផលិតអំបិលនៅឆ្នាំ២០២០កន្លងទៅ ទទួលបានចំនួនជាង ៨ម៉ឺន៤ពាន់តោន៕