(ភ្នំពេញ)៖ ក្រសួងសុខាភិបាលក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) តាមរយៈ «គម្រោងលើកកម្ពស់ការថែទាំបន្តនៅកម្ពុជាផ្តោតលើការថែទាំស្ត្រី និងទារកក្នុងពេលសម្រាល និងក្រោយពេលសម្រាល (JICA-IINeoC Project)» និង Maternity Foundation បានចាប់ដៃគូសហការគ្នាបង្កើតកម្មវិធីការសម្រាលកូនដោយសុវត្ថិភាពលើទូរស័ព្ទដៃជាភាសាខ្មែរ (Safe Delivery App) ដែលជាឧបករណ៍ (Tools) បណ្តុះបណ្តាល និងជំនួយស្មារតីដល់បុគ្គលិកថែទាំសុខភាព ដើម្បីធានាឲ្យបាននូវសុវត្ថិភាពសម្រាប់ម្តាយ និងទារកទើបនឹងកើត នៅក្នុងប្រទេសកម្ពុជា។
ពេទ្យឆ្មបនៅប្រទេសកម្ពុជា និងអ្នកដែលមានជំនាញខាងផ្នែកបង្កើតកូនដទៃផ្សេងទៀតមានជីវិតរបស់ម្ដាយ និងទារកទើបនឹងកើតនៅក្នុងដៃរបស់ពួកគាត់ជារៀងរាល់ថ្ងៃ។
ដើម្បីគាំទ្រពួកគាត់ក្នុងការងារប្រចាំថ្ងៃ ហើយនៅក្នុងការបណ្តុះបណ្តាលបន្តរបស់ពួកគាត់ ក្រសួងសុខាភិបាលតាមរយៈគម្រោង JICA IINeoC និង Maternity Foundation សូមធ្វើការណែនាំកម្មវិធីការសម្រាលកូន ដោយសុវត្ថិភាពជាភាសាខ្មែរ (Safe Delivery App) ដែលជាកម្មវិធីថ្មីនៅលើទូរស័ព្ទដៃសម្រាប់ធ្វើការសិក្សាស្វែងយល់ និងជាឧបករណ៍បណ្តុះបណ្តាលទៅលើការគ្រប់គ្រងស្ថានភាពទាក់ទងនឹងការសម្រាលកូន។
សេចក្តីប្រកាសរួមរវាងក្រសួងសុខាភិបាល និង JICA នៅថ្ងៃទី៩ ខែមិថុនាំនេះ បញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលទទួលបានជោគជ័យ ក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់មាតា និងទារកក៏ដោយ ក៏អត្រាមរណភាពមាតានៅតែត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៦០នាក់ ក្នុងចំណោមកំណើតរស់ ១០០,០០០នាក់ និងអត្រាមរណភាពទារកមានចំនួន ២៥នាក់ក្នុងចំណោមកំណើតរស់ ១,០០០នាក់ ក្នុងឆ្នាំ២០១៧។ ការធ្វើឱ្យប្រសើរឡើងនូវសុខភាពមាតា និងទារកគឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។
ដើម្បីទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងការគាំទ្រដល់បុគ្គលិកថែទាំសុខភាព កម្មវិធីការសម្រាលកូនដោយសុវត្ថិភាពនេះ (Safe Delivery App) គឺជាឧបករណ៍ថ្មីដ៏ល្អបំផុតមួយដែលងាយស្រួលប្រើ មានប្រសិទ្ធិភាព និងប្រកបដោយភាពច្នៃប្រឌិត។ កម្មវិធីនេះ (App) បានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ហើយដំណើរការនៃការប្រើប្រាស់កម្មវិធីនេះ គឺមិនត្រូវការអ៉ីនធឺណេតទេ (Offline) វាងាយស្រួលប្រើ ហើយការណែនាំក៏មានលក្ខណៈរស់រវើក ដើម្បីណែនាំបុគ្គលិកថែទាំសុខភាពក្នុងការថែទាំបន្ទាន់ផ្នែកសម្ភព និងទារកទើបនឹងកើត ក៏ដូចជាការគ្រប់គ្រងស្ថានភាពនៅពេលអ្នកជំងឺមានផ្ទុកជំងឺ Covid-19។
កម្មវិធីនេះមានរួមបញ្ចូលទាំងវីដេអូ កម្រងសំណួរ ការពិពណ៌នាអំពីនីតិវិធីជាក់ស្តែង និងបញ្ជីឱសថដែលឆ្មប និងបុគ្គលិកថែទាំសុខភាពតែងតែយកជាឯកសារយោង នៅពេលបំពេញការងារ ពេលទំនេរ ឬក៏ជាផ្នែកមួយនៃការបណ្តុះបណ្តាលរបស់ពួកគាត់។
Maternity Foundation និងគម្រោង JICA-IINeoC បាននឹងកំពុងសហការដើម្បីគាំទ្ររដ្ឋាភិបាលតាម រយៈការអភិវឌ្ឍកម្មវិធីថ្មីលើទូរស័ព្ទដៃជាភាសាខ្មែរស្តីពីការសម្រាលកូនដោយសុវត្ថិភាព តាំងពីឆ្នាំ២០២០ មកម្ល៉េះ។ អ្នកជំនាញមកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC) សមាគមសម្ភព និងរោគស្រ្ដីកម្ពុជា ទីភ្នាក់ងារ JICA និង អង្គការពាក់ព័ន្ធដទៃទៀត បានបង្កើតគណៈកម្មាធិការដើម្បីពិនិត្យយ៉ាងហ្មត់ចត់ និងស្របតាមខ្លឹមសារវេជ្ជសាស្រ្តផងដែរ។ ខ្លឹមសារនៃកម្មវិធីការសម្រាលបុត្រប្រកបដោយសុវត្ថិភាពនេះ ត្រូវបានអនុម័តដោយក្រសួងសុខាភិបាល និងប្រគល់សិទ្ធិទៅឱ្យ Maternity Foundation សម្រាប់ការអភិវឌ្ឍកម្មវិធីនេះជាភាសាខ្មែរ។
ការដាក់ចេញឲ្យប្រើប្រាស់ និងអនុវត្តកម្មវិធីនេះ (App) ជាភាសាខ្មែរ នៅទូទាំងប្រទេសបានចាប់ផ្តើមនៅឆ្នាំ ២០២១ ដែលដឹកនាំដោយគម្រោង JICA-IINeoC និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលក្នុងតំបន់ ក៏ដូចជា Maternity Foundation។
សកម្មភាពសំខាន់ៗមួយចំនួនរួមមាន ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងការណែនាំអំពីកម្មវិធីលើទូរស័ព្ទដៃនេះ (App) ព្រមទាំងការត្រួតពិនិត្យ និងវាយតម្លៃដើម្បីចងក្រងឯកសារអំពីផលប៉ះពាល់ និងការចាប់យកមេរៀន ក៏ដូចជាការអនុវត្តដ៏ល្អៗ។ ទាំងអស់នេះ ដើម្បីធានាបាននូវការគាំទ្រដែលអាចធ្វើទៅបានដ៏ល្អបំផុត សម្រាប់បុគ្គលិកថែទាំសុខភាពដោយការប្រើនូវកម្មវិធីនេះ (App) នៅក្នុងការអនុវត្តន៍ការងារប្រចាំថ្ងៃរបស់ពួកគាត់ ដើម្បីធានាសុវត្ថិភាពនៃការសម្រាលកូនសម្រាប់មាតា និងទារកទើបនឹងកើត។
«យើងខ្ញុំបានទន្ទឹងរង់ចាំថ្ងៃនេះ ដែលយើងទាំងអស់គ្នាទទួលបានកម្មវិធីការសម្រាលកូនដោយសុវត្ថិភាព ជាភាសាខ្មែរ (Safe Delivery App) នៅក្នុងដៃរបស់ពេទ្យឆ្មប និងអ្នកដែលមានជំនាញខាងផ្នែកបង្កើតកូនដទៃផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា។ ពួកគាត់បានជួយសង្រ្គោះជីវិតមនុស្សជារៀងរាល់ថ្ងៃ ហើយពួកយើងអាចជួយគាំទ្រពួកគាត់តាមរយៈកម្មវិធីការសម្រាលកូនដោយសុវត្ថិភាពជាភាសាខ្មែរនេះដែលជាការបំពេញបន្ថែមថ្មីចំពោះការងារ និងការបណ្តុះបណ្ដាលរបស់ពួកគាត់ផងដែរ។ សូមថ្លែងអំណរគុណចំពោះភាពជាដៃគូដ៏អស្ចារ្យរបស់យើងខ្ញុំជាមួយនិងក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)»។ នេះបើតាមលោកស្រី Anna Frellsen នាយកប្រតិបត្តិនៃ Maternity Foundation។
«ខ្ញុំជឿជាក់យ៉ាងមុតមាំថាកម្មវិធីការសម្រាលកូនដោយសុវត្ថិភាពនៅលើទូរស័ព្ទដៃជាភាសាខ្មែរនេះ នឹងជំរុញឲ្យបុគ្គលិកថែទាំសុខភាពធានាបាននូវការផ្តល់សេវាសម្រាលកូនដែលមានសុវត្ថិភាព និងមានភាពល្អប្រសើរជាងមុនសម្រាប់ម្តាយ និងទារកទើបនឹងកើតនៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមលោកស្រី Kamei Haruko ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា។
កម្មវិធីនេះអាចទាញបានដោយសេរី និងឥតគិតថ្លៃនៅលើ Google Play សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Android៖ https://play.google.com/store/apps/details?id=dk.maternity.safedelivery&hl=en&gl=US
និងនៅក្នុង App Store សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iOS៖ https://apps.apple.com/dk/app/safe-delivery/id985603707
ពេលបានទាញយកម្មវិធីហើយ ដើម្បីបានជាភាសាខ្មែរសូមធ្វើការចុច៖ Setting>>Version>>Cambodia ជាការស្រេច៕