(បន្ទាយមានជ័យ)៖ មេខ្យល់ម្នាក់ និងពលករ១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនទៅធ្វើចត្តាឡីស័កនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ បានប្រាប់ឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោកបានដាក់បញ្ជាឲ្យកំលាំងចំរុះត្រូវការពារនៅតាមព្រំដែន ខ្មែរ ថៃ ឲ្យជាប្រចាំដើម្បីធ្វើការបង្ក្រាបរាល់បទល្មើសផ្សេងៗឲ្យបានជាប្រចាំ ពិសេសពករលួចឆ្លងដែនដោយខុសច្បាប់។
ក្រោយពីទទួលបានបទបញ្ជាហើយលោកបានដឹកនាំកំលាំងចំរុះ១ក្រុម សហការជាមួយកម្លាំងប៉ុស្តិ៍សង្កែ កំលាំងយោធាកងពលវរៈ៥១១ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនឃាត់ពលករ បានចំនួន១៥នាក់ ក្នុងនោះស្រី៨នាក់ កុមារ២នាក់ រួមទាំងឃាត់ខ្លួនមេខ្យល់១នាក់ ឈ្មោះ យ៉ើន ណារ៉ុង អាយុ២០ឆ្នាំ នៅភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ក្រោយពីបានឃាត់ខ្លួនសួរនាំរួចរាល់ហើយ កម្លាំងបានប្រគល់ពលករខ្មែរទាំង១៥នាក់ បញ្ជូនមកនគរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំ។ ពលករទាំង១៥នាក់ មកពីចំនួន៤ខេត្ត គឺ១៖ ខេត្តបាត់ដំបង ចំនួន៨នាក់, ២៖ ខេត្តកំពង់ធំ ចំនួន៤នាក់, ៣៖ ខេត្តព្រៃវែងចំនួន២នាក់, ៤៖ ខេត្តបន្ទាយមានជ័យ ចំនួន១នាក់។
ពលករទាំងអស់ ត្រូវបានសមត្ថកិច្ចចំរុះបញ្ជូនទៅ ចត្តាឡីស័កនៅមណ្ឌលក្នុងស្រុកម៉ាឡៃ ចំណែកមេខ្យល់ត្រូវបានធ្វើកិច្ចសន្យាដើម្បីបញ្ឈប់នូវការនាំពលករឆ្លងដែន និងបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កផងដែរ៕