(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញ នឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃទី០៨ ខែកក្កដាខាងមុខ ខណៈការចាក់ជូនពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចំនួន១១ខណ្ឌហើយ ក្នុងចំណោមខណ្ឌទាំង១៤ ដោយខណ្ឌខ្លះបានចាក់រួចរាល់ និងខណ្ឌខ្លះទៀតកំពុងដំណើរការចាក់យ៉ាងមមាញឹកពីសំណាក់ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី។
ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមរយៈ Video conference ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទាំង១៤ចំណុះ ឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់រាជធានីភ្នំពេញ យើងនឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅត្រឹមថ្ងៃទី០៨ ខែកក្កដាខាងមុខនេះហើយ បន្ទាប់ពីនេះក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងបន្តយកវ៉ាក់សាំងនេះ ទៅចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាលខេត្តផ្សេងៗទៀត សំដៅធ្វើយ៉ាងណាដើម្បីពលរដ្ឋកម្ពុជាទាំងអស់គេចផុតពីជំងឺកូវីដ១៩»។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាង១លាន៥សែននាក់រួចហើយ។
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់ការពារជំងឺកូវីដ១៩ ដូសទី១ នៅខណ្ឌទាំង៣ខាងលើនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ ខណៈដូសទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញទីតាំង និងលេខទូរស័ព្ទអ្នកសម្របសម្រួល សម្រាប់ប្រជាពលរដ្ឋធ្វើការទំនាក់ទំនង ពាក់ព័ន្ធការចាក់វ៉ាក់សាំងនៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលមានសរុប១៤ទីតាំង៕